ប៉ូលិសខណ្ឌទួលគោកអសមត្ថភាពចាប់ចោរឆក់ ចោរឆក់កាបូបពីនារីម្នាក់បានសម្រេចទាំងថ្ងៃត្រង់

ភ្នំពេញ៖ នារីមុខស្រស់ម្នាក់ត្រូវបានក្រុមចោរជំនាញបានធ្វើសកម្មភាពឆក់យកកាបូប ដែលក្នុងនោះ មានទូរស័ព្ទដៃមួយគ្រឿង លេបថបមួយគ្រឿង ប្រាក់ខ្មែរ និងប្រាក់ដុល្លារមួយចំនួន បានសម្រេចខណៈដែលរូបនាងកំពុងជិះម៉ូតូនៅម្តុំស្ពានអាកាស៥មករា ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមសម្តីនារីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះគោលបំណងមកសាលារៀន លុះដល់ចំណុចម្តុំស្ពានអាកាស៥មករា ក៏លេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរនារីរងគ្រោះខាងលើ ហើយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីរូបនាងបានសម្រេចហើយ ជនសង្ស័យដែលមិនស្គាល់អត្តសញ្ញាណខាងលើ បានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថភាព។

ក្រោយពេលកើតនារីរងគ្រោះ បានជិះម៉ូតូទាំងទឹកភ្នែករលីងរលោងមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកល្អក់១ ឱ្យជួយអន្តរាគមន៍ ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕