ពលរដ្ឋ​ចាប់​បាន​ព្រួត​វៃរថយន្ដ​ចិន​បុក​រះ​នៅ​កំពង់សោម​

​ព្រះសីហនុ​៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុបានអោយដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន បុកបន្តពីមួយទៅមួយ រហូតដល់ពលរដ្ឋស្ទាក់ចាប់បាន នៅល្ងាចថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ វេលាម៉ោង ១៦៖៣៥នាទី ។

ដើមហេតុដំបូងនគរបាលបញ្ជាក់ថា ការបុកប៉ះបានកើតឡើងលើផ្លូវបេតុ ត្រង់ចំណុចបុរីប៊ីអេសអូរមួយ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កដោយរថយន្ត០១គ្រឿងម៉ាក HYUNDAI STARIX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ2B-8018 បើកបរដោយឈ្មោះ ZHEAR MING LUY ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូស៊ិនយ៉ុងលី ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅពីជើង ឆ្ពោះទៅត្បូង ( បើកចេញពីក្នុងបូរីប៊ីអេសឆ្ពោះទៅផ្លូវមិត្តភាព ) លុះដល់ចំណុចកើតហេតុបានបុកប៉ះលើកទី១ នឹងរថយន្ត០១គ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញភ្នំពេញ2AQ-8189 បើកបរដោយឈ្មោះ ហេង ឡេង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានទិសដៅផ្ទុយគ្នា រួចរថយន្តបង្កបានបើករត់ទៅបុកលើកទី២ នឹងម៉ូតូចំនួន០២គ្រឿងម៉ាក HONDA C125 និងម៉ាក SMASH ឈប់ចតមុខផ្ទះ ម្ចាស់ឈ្មោះ ឡឹង ស្កូដាលីន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិករដ្ឋាករទឹក ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ហើយក៍បន្តបើករត់ទៅបុកលើកទី៣ នឹងម៉ូតូ០១គ្រឿងទៀតម៉ាក HONDA C100 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1B-1339 បើកបរដោយឈ្មោះ សៅ សុផារ៉ូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករដឹងបាយហាងចិន ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា។

បន្ទាប់មករថយន្តបង្កក៍បានបើករត់រហូតទៅបុកលើកទី៤ នឹងរថយន្ត០១គ្រឿងទៀតម៉ាក SIENNA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AB-7572 ឈប់ចតលើផ្លូវ អ្នកបើកបរឈ្មោះ រស់ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទូរស័ព្ទវីវូ ស្នាក់នៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា រួចហើយរថយន្តបង្កក៍បានថយបុកកិនម៉ូតូ០១គ្រឿងទៀតម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ព្រះសីហនុ1H-6751អ្នកបើកបរឈ្មោះ ម៉េត សុខន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក រួមដំណើរ០១នាក់ឈ្មោះ ម៉េត មើត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងដែក អ្នកទាំងពីរស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានទិសដៅពីស្របគ្នា ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កឈ្មោះ ZHEAR MING LUY ត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ អូសចេញក្រៅរថយន្ត រួចហើយវាយដំបណ្តាលអោយរងបួសផងដែរ ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ០៣នាក់ ៖
១-ឈ្មោះ ម៉េត សុខន អ្នកបើកបរម៉ូតូ HONDA C125 រងរបួសស្រាល ។
២-ឈ្មោះ ម៉េត មើត អ្នករួមដំណើរលើម៉ូតូ HONDA C125 រងរបួសស្រាល ។
៣-ឈ្មោះ ZHEAR MING LUY
អ្នកបើកបររថយន្ត HYUNDAI STARIX បង្កហេតុ រងរបួសមធ្យម បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បញ្ជាក់៖ រថយន្ត០១គ្រឿងម៉ាក SIENNA ខូចខាតស្រាល ម្ចាស់សុំយកទៅជួសជុលវិញដោយខ្លួនឯង មិនមានការប្ដឹងផ្ដល់ទេ ។ រីឯវត្ថុតាងរថយន្តចំនួន០៣គ្រឿង និង ម៉ូតូចំនួន៤គ្រឿង សមត្ថកិច្ចយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយបន្ត៕