ស្គាល់ហើយ! មន្ត្រីនគរបាលចិត្តខ្លាំងបាញ់រះជាង១០គ្រាប់ ព្រោះខឹងម្ដាយ

ភ្នំពេញ៖ មន្ត្រីរាជការមានបុណ្យស័ក្ដិខ្ពង់ខ្ពស់នៅតែព្រួយបារម្ភ ពីសុខទុក្ខ និងសុវត្ថិភាពកូន ទើបតាមមកហៅកូនប្រុស កុំអោយផឹកសុីស្រវឹងខ្លាំងពេក ដឹងអីបែរជាទាញកាំភ្លើងពីក្នុងរថយន្តបាញ់រះទៅលើរថយន្តខ្លួនចំកញ្ចក់រថយន្តធ្លុះជាច្រើនកន្លែងហើយឡើងជិះម៉ូតូរុឺកម៉កកង់បីរត់គេចខ្លួនបាត់ ។

ហេតុការណ៍បាញ់បោះសេរីនេះកើតឡើងកាលវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេ ពិភពរាត្រី តាមផ្លូវ១៧៣ ក្រុម៤៧ ស្ថិតនៅភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនបង្កបាញ់បោះសេរីឈ្មោះ ឌិន វណ្ណណូរ៉ា ភេទប្រុស ៣៨ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិ វរសេនីយ៍ឯក (សក្តិ៥) មានតួនាទី ជានាយការិយាល័យភស្តុភា នៃអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម ដកកាំភ្លើងបាញ់ទៅលើរថយន្តម៉ាក Toyota Highlander ពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2U-3913 ចំនួន១០គ្រាប់ហើយជនបង្កបានរត់គេចខ្លួនបាត់ដោយជិះម៉ូតូរុឺកម៉កកង់បី ។

សមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍ថាមានករណីផ្ទុះអាវុធបាញ់បោះជាច្រើនគ្រាប់ ក្រោយមកក៏បានចុះទៅកន្លែងកើតហេតុហើយពេលទៅដល់ក៏ឃើញសភាពការបាញ់បោះមែន និងសាកសួរនាំសាក្សីបុគ្គលិក និងម្ចាស់ខារ៉ាអូខេនោះមិនឆ្លើយប្រាប់សមត្ថកិច្ចហើយនិងចង់លាក់បាំងថែមទៀត ព្រោះបុរសជានគរបាលនេះជាម៉ូយប្រចាំហាងពីភពរាត្រីតែម្ដង ក្រោយមកមានប្រជាពលរដ្ឋលួចខ្សឹបនិងចង្អុលថា ម្ចាស់ឡានដកកាំភ្លើងបាញ់ឡានខ្លួនឯងជាច្រើនគ្រាប់ រួចក៏ដើរទៅមើលរថយន្តឃើញស្នាមគ្រាប់កាំភ្លើងបាញ់ធ្លុះប្រហោង១០គ្រាប់ ។

សមត្ថកិច្ចបន្តថាក្រោយពីចុះត្រួតពិនិត្យកន្លែងកើតហេតុដោយបុរសជានគរបាលនាយការិយាល័យបានរត់គេចខ្លួនបាត់ដោយសាកសួរនាំសាក្សីដែលឃើញហេតុ គឺបុរសនគរបាលសង្ស័យខឹងម្ដាយមកតាមដល់កន្លែងផឹកសុី ហើយខណៈពេលកំពុងតែខឹងខ្លាំងពេក ក៏ដើរចេញពីហាងរួចបើកទ្វារចូលក្នុងរថយន្ត គាប់ជួន សង្ស័យតែរថយន្តដេរមិនឆេះទៀត ធ្វើឲ្យទើសទាល់អារម្មណ៍កាន់តែក្ដៅបន្ថែមទៀត ហើយក៏ស្ទុះចេញពីរថយន្តមកក្រៅវិញ ដកកាំភ្លើងបាញ់សំដៅទៅលើរថយន្តរបស់ខ្លួនជាច្រើនគ្រាប់តែម្ដង សំណាងល្អម្ដាយមិនអង្គុយក្នុងឡានជាមួយ បើអង្គុយក្នុងរថយន្តច្បាស់ជាកូនប្រុសស្វាងស្រា និងស្ដាយក្រោយមួយជីវិតមិនខានឡើយ ៕