ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបស្ពាយយកទៅបាត់ ដោយសុវត្ថិភាព នៅសល់តែខែ្សកាបូប

ខេត្តស្វាយរៀង៖ ចោរៗឆក់កាបូបផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរឈប់ចោមរោមមើលបន្ទាប់ពីស្ត្រីម្នាក់ ខណៈជិះម៉ូតូមកពីផ្សារវាលយន្តគោលបំណ ងឈប់បត់ចូលផ្ទះ ស្រាប់តែលេចមុខមានជនសង្ស័យម្នាក់ ជិះមួយគ្រឿងមកអែប រួចធ្វើសកម្មភាពឆក់កាបូបបានសម្រេច គេចចេញដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុង ស្វាយរៀងបានឲ្យអ្នកកាសែតដឹងថា ពិតជាមានករណីនេះពិតប្រាកដមែនដោយជនរងគ្រោះម្ចាស់កាបូបមានឈ្មោះ សេង ថារី ភេទស្រីអាយុ៣៥ ឆ្នាំ លក់ដូ រស់នៅភូមិថ្មល់ សង្កាត់ចេក ក្រុង ស្វាយរៀង ។ ចំពោះសម្ភារទ្រព្យសម្បត្តិ ដែលបាត់បង់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា រួមមាន កាតទូរស័ព្ទដៃ តម្លៃ ចំនួន១០០ដុល្លារ ប្រាក់រៀល ៣លាន៨សែន និងទូរស័ព្ទដៃ ម៉ាកហូវ៉ៃ១ គ្រឿង ។

ប្រភពបន្តថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងត្រឡប់មកពីផ្សារវាលយន្តដើម្បីមកផ្ទះវិញ ខណៈធ្វើដំណើរមកដល់មកផ្ទះ ក៏បានបង្អង់ល្បឿនឈប់ម៉ូតូបត់ចូល ស្រាប់តែលេចមុខជនសង្ស័យម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC 125 ពណ៌ទឹកមាស គ្មានស្លាកលេខ ជិះអែបមកជិតហើយ ក៏បានធ្វើសកម្មភាពឆក់កាបូបពីគាត់បណ្ដាលឲ្យគាត់ភ័យស្រឡាំងកាំង និងស្រែកថា ចោរៗឆក់កាបូបទើបជនសង្ស័យបានជិះម៉ូតូគេចចេញ ខណៈក្រឡេកឃើញមានជនសង្ស័យម្នាក់ទៀត ដែលជិះម៉ូតូមួយគ្រឿងទៀតបិទគូថពីក្រោយផងដែរ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យចាត់ការបន្តតាមច្បាប់ ៕