អាជ្ញាធរភ្នំពេញនឹងប្រារព្ធ ខួប៨ឆ្នាំចំពោះអ្នកស្លាប់ នៅកោះពេជ្រ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្ត ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជនរងគ្រោះនៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នា លើស្ពានកោះពេជ្រក្នុងខួប៨ឆ្នាំ នៃទីក្រុងកោះពេជ្រ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងពិធីនេះនឹងសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។

សូមរំលឹកថា នៅម៉ោងប្រមាណជា៩យប់ ថ្ងៃទី ៣នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប កាលពីថ្ងៃទី ២២វិច្ឆិកា ឆ្នាំ ២០១០ មានមនុស្សជាច្រើននាក់ បានស្ទះជាប់គ្នានៅលើ ស្ពានពេជ្រអស់ជាច្រើនម៉ោង ទម្រាំមានការជួយទាញចេញបានមកវិញ។ ជាលទ្ធផល មានមនុស្សប្រមាណ ៣៥០នាក់ ត្រូវបានប្រកាសថាស្លាប់ និងប្រមាណ ៧០០នាក់ទៀត បានរងរបួសធ្ងន់-ស្រាល ហើយត្រូវដឹកទៅសង្គ្រោះបន្ទាន់ តាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ។

ចាប់ពីថ្ងៃទី ២២វិច្ឆិកា ២០១០ – ២២ វិច្ឆិកា ២០១៨ គឺជាខួប ៨ឆ្នាំ នៃមហាព្រឹត្តិការណ៍សោកនាដកម្ម រត់ជាន់គ្នានៅលើស្ពានពេជ្របានសម្លាប់មនុស្ស ៣៥០នាក់ ចំថ្ងៃបុណ្យអុំទូកទី ៣ ។ ទោះបីជាបច្ចុប្បន្ន ទីក្រុងកោះពេជ្រ បានប្រែមុខមាត់ថ្មី អមដោយសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ខ្ពស់ៗ និងច្រើនស្អេកស្កះ ស្ទើរតែបាំងបាត់ស្តូបរំលឹកវិញ្ញាណក្ខន្ធក៏ដោយ ក៏គ្រប់គ្នា នៅតែចងចាំ ហើយសាលារាជធានីភ្នំពេញ ក៏បានរំលឹកខួបនៃព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំ៕