លោក​ស្រី​​ ម៉េង​ សុភារី​ ​មេធាវី​មួយ​រូប​ការពារ​ក្តី​លោក​ កឹម​ សុខា​ ពន្យល់​ប្រធានបទការ “ដោះលែង”

ភ្នំពេញ​៖លោក​ស្រី​មេធាវី​ ម៉េង​ សុភារី​ ជា​មេធាវី​មួយ​រូប​ការពារ​ក្តី​ឱ្យ​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​យប់​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សរសេរ​សំណេរ​មួយ​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ផ្តោត​សំខាន់​លើ​ប្រធានបទ​ការ​”ដោះលែង​”។

លោក​ស្រី​មេធាវី​ ម៉េង​ សុភារី​ ពន្យល់​ថាការ”​ដោះលែង “ ជាពាក្យពីរម៉ាត់យ៉ាងខ្លី តែមានន័យច្រើន ទៅតាមដំណាក់កាលនៅក្នុងនីតិវិធីច្បាប់ ។

១/ “ ដោះលែង “ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន គឺសំរាប់អនុវត្តទៅលើជនត្រូវចោទ (មាត្រា២១៥, ២១៦,២១៧ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ)
មានន័យថាជនត្រូវចោទ នៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែចៅក្រមស៊ើបសួរសម្រេចដោះលែង ជននោះឱ្យនៅក្រៅឃុំ ប៉ុន្តែមិនមានភ្ជាប់កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទេ ។ សមត្ថកិច្ចក្នុងការសម្រេចដោះលែង គឺចៅក្រមស៊ើបសួរ ។

២/“ ដោះលែង “ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួត ពិនិត្យតាមផ្លូវតុលាការ គឺសំរាប់អនុវត្តទៅលើជនត្រូវចោទដែរ (មាត្រា២១៨,២២៣ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ) ។
មានន័យថាជនត្រូវចោទរូបនោះបាន ដោះលែងឱ្យនៅក្រៅឃុំបណ្ទោះអាសន្ន ប៉ុន្តែមិនមានសេរីភាព ពេញលេញ ពីព្រោះមានភ្ជាប់កាតព្វកិច្ចមួយចំនួនដែលកំណត់ដោយចៅក្រមស៊ើបសួរ ដូចជាៈ មិនឱ្យ ជនត្រូវចោទចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ ឬ/និង មិនឱ្យជួបបុគ្គលមួយ ចំនួនដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ …។ល។
សមត្ថកិច្ចក្នុងការសម្រេច គឺចៅក្រមស៊ើបសួរ ។

៣/“ ដោះលែង “ដោយការលើកលែងចោទប្រកាន់ គឺសំរាប់អនុវត្តទៅលើជនត្រូវចោទដែរ ( មាត្រា ២៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) មានន័យថាជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរចេញដីកា សម្រេចលើកលែងចោទប្រកាន់ ក្រោយពីការស៊ើបអង្កេតថា គ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើ ជនត្រូវចោទ ឬអំពើប្រព្រឹត្តមិនមែនជា បទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ។សមត្ថកិច្ចក្នុងការសម្រេច គឺចៅក្រមស៊ើបសួរ ។

៤/“ ដោះលែង “ដោយសាលក្រម ឬសាលដីកា គឺសំរាប់អនុវត្តទៅលើជនជាប់ចោទ ( មាត្រា៣៥០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ)មានន័យថា ជនជាប់ចោទគ្មានកំហុសដូចការចោទប្រកាន់ ឬតុលាការយល់ថាអំពើនោះមិនមែនជា បទល្មើស ។ តុលាការត្រូវឱ្យជនជាប់ចោទរួចខ្លួនពីបទចោទ និងត្រូវដោះលែងឱ្យមានសេរីភាព ប្រសិនបើជននោះជាប់ឃុំ ហើយតំណាងអយ្យការមិនបានធ្វើការប្តឹងផ្តល់ចំពោះសាលក្រមដែលឱ្យ ជនជាប់ចោទរួចខ្លួនពីបទចោទនោះ។

ប្រសិនបើជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការវិញ ការប្រកាសសាលក្រមត្រូវ បញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការ ( មាត្រា៣៥២ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ) ។សមត្ថកិច្ចក្នុងការសម្រេច គឺចៅក្រមជំនុំជំម្រះ។

៥/“ ដោះលែង “ដោយមានលក្ខខណ្ឌ គឺសំរាប់អនុវត្តទៅលើទណ្ឌិត ( មាត្រា៥១២,៥១៣ នៃក្រម នីតិវិធីព្រហ្មទណ្ឌ)ជនដែលត្រូវបានតុលាការបានកាត់ទោសរួច ហើយសាសក្រមដែលសម្រេចអំពីទោសទណ្ឌបានចូល ជាស្ថាពរ ជននោះហៅថា ”ទណ្ឌិត”។

ទណ្ឌិតដែលត្រូវទទួលទោសពន្ធនាគារ ហើយទណ្ឌិតនោះបានបង្ហាញឱ្យឃើញថាខ្លួន មានគំនិតមាយាទ ល្អក្នុងពេលឃុំខ្លួន /ទណ្ឌិតដែលទទួលរងទោសជាប់ពន្ធធនាគាចំនួនពាក់កណ្តាលនៃទោស ប្រសិនបើ ទោសនោះតិចជាងឬស្មើ១ឆ្នាំ / ទណ្ឌិតដែលទទួលរងទោសជាប់ពន្ធធនាគាចំនួន២/៣នៃទោស ។
សមត្ថកិច្ចក្នុងការសម្រេច គឺប្រធានតុលាការជាន់ដំបូង ។

៦/ “ដោះលែង “ ដោយការលើកលែងទោស គឺសំរាប់អនុវត្តទៅលើទណ្ឌិត (មាត្រា២៧ នៃរដ្ឋ ធម្មនុញ្ញ , មាត្រា៧៥, ៧៧ នៃច្បាប់ ស្តីពន្ធនាគារ)
ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិលើកលែងទោសដល់ទណ្ឌិត តាមសំណើររបស់ប្រមុខរាជរដ្ឋាភិបាល ៕