ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ដោយសារ រថយន្តព្រូសនិង រថយន្តរ៉េងរ៉ូវ័រ បុក

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តព្រូល និងរថយន្តរ៉េងរ៉ូវ័រ បើកបុកម៉ូតូជនរងគ្រោះពេញទំហឹង ហើយបើកគេចខ្លួនបាត់ដោយបន្សល់ទុកស្លាកលេខរថយន្តមួយគ្រឿងនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១-៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបដេអិន តាមបណ្តោយផ្លូវលេខ១២៨ កែងនិងផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)មានឈ្មោះជឹម សុខេង ភេទប្រុស អាយុ២៦ឆ្មាំ មានស្រុកកំណើត ភូមិព្រៃ​ក្តួច ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-9447 បានធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ លុះមកដល់ផ្លូវបំបែកជាបួនចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីឡេត ពណ៌សលាយខៀវ ពាក់ស្លាកលខព្រៃវែង1L-5139ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ ទិសដៅពីលិចទៅកើត​ពេញទំហឹងបណ្តាលឲ្យជនខ្ទាតប្រមាណជា២០ម៉ែត្រ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាករ៉េងរ៉ូវ័រមិនចាំស្លាកលេខ បានមកបុកបន្ថែមរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះក្លីនិច ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកបានដាល់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តយកកន្លែងកើតហេតុវិញ។ ចំណែករថយន្តបង្កទាំង២នោះ បានបើកររត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលដោយបន្សល់ទុកស្លាកលេខរថយន្តជាប់និងកាងរថយន្តខាងមុខនៅនិងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅទំនាក់ទំនងជាមួយសមត្ថកិច្ចជំនាញឲ្យមកកោលស្យវិច័យសពរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯការមកផ្ទៀតផ្ទាត់យកត្រឡប់ទៅផ្ទះវិញ៕