អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ចិត្តមេត្តារបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចំពោះចោរឆក់ ជារឿងត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅ សារព័ត៌មាន និងសារធារណមតិ មួយចំនួនដែលលើកឡើង អំពីចំណាត់ការ និងការចោទប្រកានរបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន លើសំណុំរឿង ឆក់ទូរស័ព្ទ។

សេចក្តីថ្លែងការណ៍ នេះបានបង្ហាញ អំពីអង្គហេតុ អពីអង្គច្បាប់ និងអំពីចំណាត់ការនីតិវិធី យ៉ាងពិស្តារ បំផុតពាក់ព័ន្ធ សេចក្តីសម្រេច របស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ដែលបាន ប្តូរបទចោទប្រកាន់ លើជនសង្ស័យឈ្មោះ ឃឺន រ៉ានិត និងឈ្មោះ ស៊ិន វិសាល ពីបទ “លួចមានស្ថានទម្ងន់ទោស” (អាចជាប់គុកពី ៣ ទៅ១០ឆ្នាំ) ទៅជាបទ “លួច” (អាចជាប់គុកពី ៦ខែ ទៅ៣ឆ្នាំ) ថា សេចក្តីសម្រេចនេះ ធ្វើឡើងដោយគោរពតាមបទបញ្ញត្តិច្បាប់ ជាធរមានយ៉ាងត្រឹមត្រូវក្នុងគោលដៅសម្រេចឲ្យបាននូវការអនុវត្តច្បាប់ និងលុបបំបាត់និទណ្ឌភាព។

សូមជម្រាបជូនថា ការចេញសេចក្តីថ្លែងការខាងលើនេះ បានធ្វើឡើងបន្ទាប់ ពីមានក្រុមអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មួយចំនួន បានផ្សាយរិះគន់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ពាក់ព័ន្ធ ការប្តូរបទចោទប្រកាន់លើលោកចោរឆក់ ពីធ្ងន់ មកស្រាល ឆ្ងាយពី សេចក្តីសន្និដ្ឋានរបស់នគរបាលយុត្តិធម៌ ដែលខំដេញចាប់ចោរ និងកសាងសំណុំរឿងបញ្ជូនទៅឲ្យលោកចាត់ការ។

សូមបញ្ជាក់ជូនផងដែរថា ក្រៅពីចោរ ទាំង ២នាក់ខាងលើនេះ នៅអំឡុងពេលដែលលោកប្រចាំការកាលពីចុងខែតុលា ឆ្នាំ២០១៨ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បាន ផ្តល់ក្តីមេត្តាជាច្រើនដល់ជនសង្ស័យ៖
– ដោះលែងជនជាតិ អ៊ីស្រាអ៊ែល ដែលជាប់ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ និងបង្ហោះរូបអាសអាភាស
– ដោះលែងជនសង្ស័យ ជាថៅកែឃ្លាំងរថយន្ត ដែលជាប់ពាក់ព័ន្ធ ករណី ទទួលផលចោរកម្ម ទិញឡានពីចោរ
– ដោះលែងជនសង្ស័យ ករណីគ្រោះថ្នាក់ចរាចរណ៍។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កន្លងទៅ លោក ហ៊ឹង ប៊ុនថន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏ធ្លាប់ បានផ្តល់ក្តីមេត្តា ដោះលែង ជនសង្ស័យឈ្មោះ ជិន នាង ភេទស្រី អាយុ ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះសំណាក់ យីហោ លីហ្សា ផងដែរក្រោយពីស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធករណី ផ្តល់ទីកន្លែងឲ្យ ក្រុមជនសង្ស័យ ជក់ និងជួញគ្រឿងញៀន៕ អត្ថបទដោយ៖ ឡុក សំរិត