តូចចិត្តនឹងក្រុមគ្រួសារ ឈ្លោះជាមួយសង្សារ ប៉ុនប៉ងផ្តាច់សង្ខាទាំងវ័យក្មេង តែមិនបានសម្រេច

ភ្នំពេញ ៖ ស្រីនុច ជានារីម្នាក់ទៀតហើយ ដែលប៉ុនប៉ងបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ខណៈដែលកងសន្តិសុខ ប្រជាការពារឃើញទាន់ឃាត់ចាប់ជាប់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ វេលាម៉ោង១២និង៤០នាទីរសៀល លើស្ពានបាឡេ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

នៅកន្លែងកើតហេតុ នាងខាងលើ មានឈ្មោះ ស្រី នុច អាយុ១៨ឆ្នាំ មុខរបរ បម្រើការងារ លើរថយន្តក្រុង ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅឯខេត្តព្រះសីហនុ ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា ស្រីនុច ខណៈដែលមានស្នេហា ជាមួយបុរសម្នាក់ ក្នុងសភាពឧបសគ្គ ដោយសារឪពុកម្តាយនាងមិនពេញចិត្ត ធ្វើឲ្យសហ្នេានារីឡានក្រុង ពោរពេញទៅដោយភាពអ័ព្វអួរ ក្រុមគ្រួសារ ព្យាយាមបំបែកបំបាក់ ស្តីបន្ទោស ធ្វើឲ្យស្រីនុចវិលវល់អារម្មណ៍ ហើយកន្លងមកនាងប៉ុនប៉ងបញ្ចប់ជីវិតម្តងរួចមកហើយ ដោយលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេច ក្រុមគ្រួសារ ឃើញជួយទាន់ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ប្រភពបន្តទៀតថា អ្វីដែលស្រីនុចប៉ងទៅហើយនោះ មកដល់លើកនេះ មុនកើតហេតុ នាងត្រូវបាន គូសង្សារ ឌុបទៅពេទ្យមួយនៅឯខណ្ឌជ្រោយចង្វារ លុះវិលត្រឡប់មកវិញ ជិះម៉ូតូបណ្តើរជជែក ឈ្លោះគ្នាបណ្តើរ មកដល់រង្វងមូលកាំភ្លើងគួចកាណុង អំណាចនៃកំហឹង ស្រីនុចស្ទុះចុះពីលើម៉ូតូវឹង ដើរថ្មើរជើង តាមផ្លូវជាតិលេខ៥ទៅជើង រីឯអន្ទិតជាគូរស្នេហ៍ បែមិនបានលួងចិត្ត គិតបន្តដំណើរទៅចោលបាត់ ទុកឲ្យនាងដើរ រហូតដល់ សង្កាត់ឫស្សីកែវ សំដៅឡើងស្ពាន បាឡេ ពីលិចទៅកើត នឹកស្នានថា លើស្ពានគ្មានសន្តិសុខ ប៉ូលីសយាម ដូចស្ពានជ្រោយចង្វារ ស្រីនុចចងផ្តាច់សង្ខា ឡើងទៅលើធ្នឹមបង្កាន់ដៃ អ្វីដែលនាងប៉ងខុសស្រះឡះ បន្ទាប់ពី កងសន្តិសុខ ប្រជាការពារ ប៉ូលីស ក្បែរនោះ រត់ទៅស្រវ៉ាចាប់ឱបជើងជាប់ ជាហេតុផលមួយ ដែលស្រីនុច ប៉ងសម្លាប់ខ្លួនមិនបានសម្រេច ជាលើកទី២ ។

ក្រោយពីចាប់ឃាត់បាន នាងឲ្យរួចផុតពីសេចក្តីស្លាប់ សមត្ថកិច្ចដឹកតាមម៉ូតូកង់បីនាំយកទៅប៉ុស្តិ៍ ក្នុងសភាពទឹកភ្នែក អារម្មណ៍ក្តុកកតួល ឈឺចិត្តណែនឱរ៉ា រហូតដល់សន្លប់ បាត់មាត់ក អស់មួយសន្ទុះធំ ទើបស្រីនុចដឹងខ្លួន ប៉ូលីសប៉ុស្តិ៍ឫស្សីកែវ ក្រៅពីការងារ កម្លាំងបាយ បង្ក្រាបបទល្មើស ចាប់ចោរឆក់ លួច ប្លន់ ដល់ពេលនេះ មានវិជ្ជាជីវៈបន្ថែម លួងលោមបន្ទន់ចិត្តនារីម្នាក់ខាងលើ និង សាកសួរដើម្បីស្វែងរកសាច់ញាតិ មកទទួលយកត្រឡប់ទៅផ្ទះវិញ ៕