បុរសម្នាក់ដេកបែកពពុះមាត់ក្បែរមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​ (ពេទ្យរុស្សី)តែខាងពេទ្យជាង១ម៉ោងទើបចេញឡានមកដឹកយកទៅសង្គ្រោះ

ភ្នំពេញៈ​ ទង្វើរបស់ក្រុមគ្រូពេទ្យមិត្តភាពខ្មែរសូវៀត​ (ហៅពេទ្យរុស្សី)ត្រូវបានមហាជនជាច្រើនបានរិះគន់​ ចំពោះសកម្មភាពដែលពួកគាត់មានការយឺតយ៉ាវក្នុងការចេញរថយន្តសាម៉ុយមកសង្គ្រោះអ្នកជំងឺ​ ជាពិសេសរើសអើងទៅលើអ្នកជំងឺ​ ជាក់ស្តែងមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១១នឹង៥៥នាទីថ្ងៃទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ដោយសារតែបុរសម្នាក់ដែលគេស្គាល់ថាជាជនអនាថាបានដេកប្រកាច់បែកពពុះមាត់នៅមិនឆ្ងាយពីមន្ទីរពេទ្យរុស្សីប៉ុន្មានទេ​ ប៉ុន្តែពេលដែលប្រជាពលរដ្ឋនាំគ្នាចូលហៅក្រុ​មគ្រូពេទ្យដើម្បីចេញរថយន្តសង្គ្រោះបន្ទាន់​ មកដឹកយកទៅសង្គ្រោះតែបែរជាខាងពេទ្យតំអក់មិនចង់ចេញរថយន្តឡើយរហូតរយះពេលជាង១ម៉ោងទើបសម្រេចឃើញរថយន្តសាម៉ុយចេញមកដឹកបុរសអនាថានោះទៅកាន់មន្ទីរពេទ្យ។

ចំពោះទង្វើនឹងការតំអក់មិនចង់សង្គ្រោះមនុស្សពីសំណាក់មន្ទីរពេទ្យរដ្ឋមួយ​នេះត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់មានការហួសចិត្តនឹងនិយាយរិះគន់ថា​ ប្រហែលជាក្រុមគ្រូពេទ្យឃើញថាអ្នកជំងឺនោះជាជនអនាថាគ្មានលុយកាកសម្រាប់ចេញថ្លៃព្យាបាលហើយមើលទៅ​ ទើបគ្រូពេទ្យទាំងនោះមានការយឺតយ៉ាវក្នុងការសង្គ្រោះមនុស្ស​ ។ ជាមួយគ្នានោះដែលពួកគាត់ជាពលរដ្ឋបានលើកឡើងថាគួរណាស់តែប្រធានមន្ទីរពេទ្យជាពិសេសក្រសួងសុខាភិបាលពិនិត្យទៅលើអត្តចរិករបស់ក្រុមគ្រូពេទ្យដែលបម្រើការនៅក្នុងពេទ្យរដ្ឋនឹងពេទ្យឯកជនមួយចំនួន​ កុំគិតតែចង់បានលុយច្រើនការសង្គ្រោះមនុស្សពេក​ ។

គួរបញ្ជាក់ថាក្រោយពីមានការអង្វរកពី​សមត្ថកិច្ចនឹងប្រជាពលរដ្ឋទើបក្រុមពេទ្យចេញរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​ (ហៅពេទ្យរុស្សី)៕