រថយន្តកូរ៉េដឹកហ្គាស់ បើកបុកម៉ូតូបណ្តាលអោយ មនុស្ស២នាក់ រងរបួស​ធ្ងន់​ស្រាល

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ រថយន្ត​ដឹកហ្គាស​ បុកម៉ូតូដួលជាប់ក្រោមរថយន្ត រួចបើករត់​អូសជិត១គីឡូម៉ែត្រ​ ទើបសមត្ថកិច្ចឃាត់បាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោ១០៖២០នាទី​យប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាម​បណ្តោយ​ផ្លូវ៣៧៤ កែង​ផ្លូវ១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ បុរស២នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក MSX ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-4096 ឌុប​គ្នា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ១៧៣ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​ពេលមកដល់​ណុ​ច​ផ្លូវបំបែក​ជា​បួន​កើត​ហេតុនេះ ស្រាប់​តែមាន​រថយន្ត​កូរ៉េ​ធុន​តូច​មួយគ្រឿង ដឹក​ធុង​ហ្គាសធំៗ ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-8375 ធ្វើដំណើរ​តាមផ្លូវ៣៧៤ ឆ្លងកាត់​ផ្លូវ១៧៣ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ទើប​ជ្រុល​ទៅបុក​ចំពាក់​កណ្តាល ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​តែម្ដង បណ្តាល​ឲ្យ​ប៉ើង​អ្នក​ទាំងពីរ​បោក​នឹង​ផ្ទប់​នឹង​កញ្ចក់​រថយន្ដ រង​បួស​សន្លប់​ស្តូកស្តឹង រីឯ​ម្នាក់ទៀត រលាត់​ដៃជើង​ចេញឈាម រងរបួស​ស្រាល។

អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ ប៊ុន ឈឿន ភេទ​ប្រុស បាន​ប្រាប់ថា មូល​ហេតុដែល​រូបគាត់ ព្យាយាម​បើក​គេច​ចេញពី​កន្លែងកើតហេតុ​នោះ គឺ​ដោយសារតែ​គាត់​ឃើញ ជនរងគ្រោះ​ទាំង២នាក់​នោះ​ដេក​ស្ដូកស្ដឹង​នៅលើ​ផ្លូវ ហើយ​ខ្លាច​ប្រជាពលរដ្ឋ​មក​ព្រួត​វាយ​គាត់ ពេល​ជួប​គ្រោះថ្នាក់​បែបនេះ ទើប​គាត់​បង្ខំចិត្ត​បន្ថែម​ល្បឿន បើក​ចេញ​ទៅមុខ​រហូត ក៏ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ដេញតាម​ឃាត់​បានតែ​ម្ដង។

ជនរងគ្រោះ ត្រូវបាន​រថយន្ដ​សង្គ្រោះ​គ្លីនិក​ឯកជន ហុង ហាក់ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ចំណែកឯ​ម៉ូតូ​រងគ្រោះ​រួមទាំង​រថយន្ត​បង្ក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់​ទៅអោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៕