ស្រ្តីក្លាហានជិះម៉ូតូបំបុកឆក់កាបូបឱ្យដួល ចោរភ័យរត់ចោលម៉ូតូបាត់

ភ្នំពេញ៖ ចោរម្នាក់ចំថ្ងៃស៊យ បានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់ តែមិនបានសម្រេចហើយត្រូវរត់ចោលម៉ូតូទៀតកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២១៧ ត្រង់ចំណុចក្រោមស្ពាន អាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ទិត្យ វណ្ណ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយមុខរោងចក្រ រស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូ ម៉ាកឌ្រីមសង់១២៥ស៊េរី២០០៦ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1J-2446 ។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់ អត្តសញ្ញា ណនោះទេ ដោយសាររត់បាត់ បន្សល់ម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ស៊េរី ២០១២ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6197។

តាមសម្តីពីស្រ្តីរងគ្រោះបានឲ្យដឹងថា មុន​ពេល​កើតហេតុ​ រូបគាត់ទើបត្រឡប់មកទិញបន្លែ ត្រី សាច់ ពីផ្សារដើមគ ក្នុងគោលបំណងទៅ ផ្ទះ វិញនៅឯសង្កាត់ព្រៃស ដោយជិះម៉ូតូតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីជើងមកត្បូង ខណៈមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែ មានជនសង្ស័យម្នាក់ជិះម៉ូតូ មកធ្វើ​សកម្មភាពឆក់កាបូបស្ពាយដែលដាក់ជាប់( រាន )ម៉ូតូ មិនបានសម្រេច ។
ស្រ្តីរងគ្រោះបន្តថា ពេលឃើញវាធ្វើសកម្មភាពបែបនេះ ទើបគាត់ទាញចង្កូតបំបុកឲ្យដួលទាំង២នាក់តែម្តង រួចចោរងើបរត់គេច​ខ្លួន ឡើង លើស្ពានអាកាសស្ទឹងមានជ័យបាត់ស្រមោល បន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ យកម៉ូតូជនសង្ស័យទៅទុក ព្រមទាំងឲ្យនារីរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីកំណត់មុខសញ្ញា និងស្វែងរកចាប់ខ្លួនយកមកដាក់ទោស ទណ្ឌ តាមផ្លូវច្បាប់ ៕