នាំខ្លួនបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់មកសួរនាំ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ រឿងទូរស័ព្ទប្រាប់ថាត្រូវរង្វាន់

ភ្នំពេញ៖ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និងលោកអធិការក្រុងស្ទឹងសែន កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំកម្លាំង ទៅពិនិត្យក្រុមហ៊ុនឌូវេរ៉ាឃិតឈិន ខេមបូឌា (DUVERA KITCHEN Cambodia) ដែលមានទីតាំង នៅសណ្ឋាគារដំរីជាន់ខ្លា វល្លិមាស ជាន់ទី១ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលតែងតែទូរស័ព្ទប្រាប់ថា ត្រូវរង្វាន់ Power Bank ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បាននាំនារី ដែលជាបុគ្គលិកក្រុមហ៊ុន ចំនួន៧នាក់មកសួរនាំ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសង្ស័យគ្មានច្បាប់អនុញ្ញាត ឲ្យប្រកបអាជីវកម្ម ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌានេះ ត្រូវបានប្រជាពលរដ្ឋប្តឹងថា ក្រុមហ៊ុនបានរៀបជាអន្ទាក់ ខលតាមទូរស័ព្ទប្រាប់ថា ពួកគាត់ត្រូវរង្វាន់ ផាវវើបេង (Power Bank) ដើម្បីបញ្ឆោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួលបង្ខំឲ្យទិញសម្ភារៈ ដែលមានតម្លៃចាប់ពី ៣០០ដុល្លារ រហូតដល់ទៅ ១០០០ដុល្លារ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះម្នាក់ នៅថ្ងៃកើតហេតុមានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា បានទូរស័ព្ទប្រាប់ថា រូបគាត់ត្រូវរង្វាន់ Power Bank ហើយឲ្យគាត់មកទទួល នៅទីតាំងដាក់តាំងលក់សម្ភារៈខាងលើ ស្ថិតនៅសណ្ឋាគារយ៉ាងស្ងាត់ ក្នុងបន្ទប់តូច ដោយមិនបានបើកចំហរជាសាធារណៈ ហើយក្នុងនោះ ក៏មានដាក់តាំងម៉ាស៊ីនម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំងដាំបាយ ជើងក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសាអង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការបានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ។

ជនរងគ្រោះបន្តថា លុះពេលគាត់មកដល់ទីតាំង បុគ្គលិកក្រុមហ៊ុននេះ បាននិយាយ រៀបរាប់ពីផលិតផលផ្សេងៗ ជាហូរហែ បន្ទាប់មកក៏បានឲ្យជនរងគ្រោះ ដេកលើផ្ទាំងម៉ាស្សាដើរដោយចរន្តអគ្គិសនី ក្រោយមកក៏បានយកសន្លឹកឆ្នោត ជាច្រើនសន្លឹកឲ្យចាប់ឆ្នោត ដើម្បីទទួលបានរង្វាន់ធំ ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហ៊ោត្រេតអរនឹងការត្រូវរង្វាន់ធំ ដែលមានតម្លៃជាង២,០០០ដុល្លារ តែត្រូវបានបញ្ចុះតម្លៃជាង១,០០០ដុល្លារ ខណៈដែលត្រូវរង្វាន់មានបុគ្គលិក ដើរតួសម្តែងជាទូរស័ព្ទ ទៅរាយការណ៍ជូនមេធំរបស់គេនៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាងល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតម្លៃជាង ១,០០០ដុល្លារ ដើម្បីបង្ខំឲ្យជនរងគ្រោះ ទិញសម្ភារៈទាំងនោះភា្លមៗ ដោយមិនទុកឱកាស ឲ្យពិភាក្សាពីក្រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារប្រាក់កក់១០០ដុល្លារ ។

ជនរងគ្រោះបន្ថែមថា ទំនិញទាំងនោះ អន់បំផុត បើគិតពីតម្លៃ គឺថោក តែក្រុមបុគ្គលិកក្រុមហ៊ុន ប្រមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទ ក៏មិនឲ្យជនរងគ្រោះទាក់ទងដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ថែមទៀត ។
ជនរងគ្រោះបញ្ជាក់ថា ចំពោះឆ្នោតក្រោយពីចាប់បាន គឺឲ្យអ្នកចាប់ត្រូវចុះហត្ថលេខា រីឯរង្វាន់មិនបានឲ្យទេ គឺបង្ខំឲ្យទិញអីវ៉ាន់ផ្សេង ស្មើនឹងតម្លៃទំនិញហ្នឹងដែរ ដូច្នេះនេះជាល្បិចបោកថ្មី ហើយសន្លឹកឆ្នោតត្រូវទាំងអស់ គ្មានសន្លឹកណាមិនត្រូវនោះទេ បន្ទាប់ពីត្រូវហើយ បង្ខំឲ្យទិញឥវ៉ាន មានតម្លៃស្មើនឹងរង្វាន់ ដូច្នេះមិនចាំបាច់ចាប់ឆ្នោតធ្វើអី ចង់បានមកទិញតែម្តងវាល្អជាជាង ៕