ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីខ្ចីម៉ូតូគេជិះរួចយកទៅបញ្ចាំ

កណ្ដាលៈ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីរំលោភលើទំនុកចិត្ដ បន្ទាប់ពីរូបគេបានខ្ចីម៉ូតូអ្នកធ្វើការជាមួយយកទៅជិះ រួចយករបស់គេទៅបញ្ចាំ បានលុយចំនួន៥០០ដុល្លារ ចាយអស់ ។ ករណីខាងលើនេះបានកើតឡើងថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនល្មើសឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុក្រុមហ៊ុនEPS បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុនស៊ីភី មានទីលំភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AW-4140 ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះប្រាកដមែនហើយយកម៉ូតូនោះទៅបញ្ចាំយកលុយចំនួន៥០០ដុល្លារ ចាយអស់ ។

បច្ចប្បន្នជនល្មើសរូបនេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ។