គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកាលពីម្សិលមិញ បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់ស្រាល១៦នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, គោយន្ដ១គ្រឿង, អ្នកថ្មើរជើងម្នាក់ និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ស្រវឹង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល០៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៧លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន២៣នាក់, របួសធ្ងន់៤៧នាក់ និងរបួសស្រាល២៧នាក់៕