ជប៉ុនបោះទុនជាង ១ពាន់លានដុល្លារបង្កើតឧទ្យាន Safari ធំបំផុតនៅកម្ពុជា

រាជបណ្ឌិត្យ​សភា​កម្ពុជា​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​​ក្រុមហ៊ុន B.M. Nature Safari Co., Ltd របស់​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ «​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សីត្រឹប​» ​នៅ​ខេត្ត​ព្រះវិហារ​ដែល​នឹង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​ជាង​ ១១៤ ហិកតា​។

ការចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​​រវាង​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​លោក Kinoshita Sori ប្រធាន​ក្រុមហ៊ុន B.M. Nature Safari Co., Ltd​។ បើ​តាម​លោក សុខ ទូច មាន​ក្រុមហ៊ុន​ចំនួន​ ៤ ​ផ្សេង​ទៀត​ធ្លាប់​បាន​មក​ពិភាក្សា​លើ​ការអភិវឌ្ឍ​ឧទ្យាន​នេះ ប៉ុន្តែ​ពួកគេ​ផ្តោត​លើ​ជំនួញ​ច្រើន​ជាង​ការអភិរក្ស​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​​ពិធី​ចុះហត្ថលេខា​កាលពី​ចុង​សប្ដាហ៍​មុន លោក Kinoshita Sori បាន​ថ្លែង​ថា​ការវិនិយោគ​លើ​ឧទ្យាន​នេះ​មាន​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ ហើយ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​​ឆាប់ៗ​នេះ​។ ​លោក​ថ្លែង​ថា​ក្រុមហ៊ុន​លោក​នឹង​នាំ​យក​បច្ចេកវិទ្យា​ជឿនលឿន​ពី​ជប៉ុន ដើម្បី​មក​បម្រើ​ក្នុង​ឧទ្យាន​នេះ​។