មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បង្ហាញពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថ បុរាណ

ភ្នំពេញ៖ ឱសថជាអាវុធមុខ ២ ពេលដែលប្រើប្រាស់ត្រឹមត្រូវតាមវេជ្ជបញ្ជាគឺជាសះស្បើយ តែបើប្រើប្រាស់ ខុសទិសដៅ អាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ក្នុងន័យនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចង់បង្ហាញថា មិនមែនតែថ្នាំពេទ្យនោះទេ ដែលមានផលប៉ះពាល់ពេលប្រើខុសបច្ចេកទេស ពោលគឺថ្នាំបុរាណ ក៏មានគុណសម្បត្តិ និងគុណវិបត្តិ ដូចគ្នា ហើយបច្ចុប្បន្នទាំងថ្នាំពេទ្យ និងឱសថបុរាណ សុទ្ធបានចុះបញ្ជីក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងថា សម្រាប់បងប្អូនប្រជាពលរដ្ឋ បើចង់បានសុវត្ថិភាព១០០% ក្នុងការប្រើប្រាស់ថ្នាំពេទ្យ មុនប្រើប្រាស់ ត្រូវទៅពិនិត្យជាមួយនឹងគ្រូពេទ្យ ដើម្បីដឹងច្បាស់ពីរោគសញ្ញា ដើម្បីយកវេជ្ជបញ្ជាពីគ្រូពេទ្យ យកទៅទិញថ្នាំ ហើយត្រូវពិនិត្យមើលនៅលើសំបកប្រអប់ និងបន្ទះថ្នាំពេទ្យ នូវកាលបរិច្ឆេទ ផុតឬនៅ មានការចុះបញ្ជិការត្រូវត្រឹមពីក្រសួងដែរអត់ ព្រោះបើឆ្លងកាត់ពីក្រសួង នឹងប្រាកដថា ថ្នាំនោះផ្សំឡើងមានបរិមាណ និងគុណភាពត្រឹមត្រូវ ។ សម្រាប់ថ្នាំបុរាណវិញ ត្រូវដឹងពីប្រភពនៃថ្នាំនោះ ថាតើផ្សំឡើងដោយដើមឈើ ឬគ្រាប់ធញ្ញជាតិអ្វី មកពីអ្នកណា មានការត្រួតពិនិត្យ ត្រូវត្រឹមពីក្រសួងដែរឬទេ ព្រោះបច្ចុប្បន្ន ទាំងថ្នាំពេទ្យ និងថ្នាំបុរាណ សុទ្ធតែមានការចុះបញ្ជិការត្រឹមត្រូវ ពីក្រសួងសុខាភិបាល ដើម្បីដឹងច្បាស់ពីផលប៉ះពាល់ នៃឱសថនោះ តើអន់គុណភាព ឬក្លែងក្លាយ ដែលធ្វើឲ្យប៉ពាល់ដល់សុខភាពប្រជាពលរដ្ឋ ។