បុរសម្នាក់ទំនងស្រវឹង បើករថយន្តបុកបង្គោលប៉ាន់ណូ នៅលើទ្រូងផ្លូវបាក់អស់១ដើម

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត ដល់ចំណុចផ្លូវកោង បានបុកនឹង បង្គោលប៉ាន់ណូ នៅលើទ្រូងផ្លូវ បណ្ដាលឲ្យបង្គោលប៉ាន់ណូដាច់ចេញពីគល់ដួល រាបដល់ដី ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ៣០នាទីយប់ ថ្ងៃទី៤ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពី កន្លែងកើតហេតុបានឲ្យ ដឹងថា បុរសជាម្ចាស់រថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AC 1905 សង្ស័យស្រវឹង ធ្វើដំណើរទិសដៅពីជើងទៅត្បូង ខណៈ ដល់ចំណុចកើតហេតុ ផ្លូវកោង បានជ្រុលទៅបុក នឹងបង្គោលប៉ាន់ណូដែលនៅចំកណ្ដាលទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន១ដើម ចំណែករថយន្តវិញ រងការខូចខាត រីឯម្ចាស់រងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះ ធ្វើការវាស់វែង នឹងយករថយន្តបង្កទៅរក្សាទុករងចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់ ៕