ឃាត់ខ្លួនស្រ្តីជាមេតុងទីនម្នាក់ ក្រោយមានបណ្តឹងបោកយកលុយរត់អស់ជាង៣០មុឺនដុល្លារ

ភ្នំពេញ៖ ឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាមេតុងទីន ដែលបានបោកប្រាស់ រត់ចោលកូនតុងទីន ជាក្រុមអាជីវករផ្សារឯករាជ្យ១ និងអាជីវករផ្សារកាណាឌីយ៉ា ជិត៥០០នាក់ សរុបជាទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ ។ ករណីនេះ កើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ចំណុចផ្សារកាណាស៊ីធី ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមកូនតុងទីនបានឲ្យដឹងថា ស្ត្រីដែលជាមេតុងទីនបោកលុយនោះ មានឈ្មោះ ឆេង សារ៉ា អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពដដែរបន្តថា ស្ត្រីដែលជាមេតុងទីនបោកលុយរត់ទៅបាត់នោះ ធ្លាប់រកស៊ីបោះដុំឥវ៉ាន់ចាប់ហួយ នៅផ្សារឯករាជ្យ១ និងផ្សារកាណាឌីយ៉ា រហូតបានស្គាល់គ្នាជិតឌិត ក៏បាននាំគ្នាលេងតុងទីន ចាប់ពីក្បាល២ម៉ឺនរៀល ដល់ក្បាល១០០ដុល្លារ ចំនួនអ្នកលេងតុងទីជិត៥០០នាក់ អ្នកខ្លះលេង៣ក្បាល និង៨ក្បាល។ ពួកគាត់មានអ្នកខ្លះលេងរយ:ពេល៦ឆ្នាំ ខ្លះ៣ឆ្នាំ និងខ្លះទៀត២ឆ្នាំ ហើយក្នុងម្នាក់ៗ អ្នកខ្លះបង់តិចបំផុត ជាង១,០០០ដុល្លារ រីឯខ្លះទៀតរហូតដល់ទៅជាង៣ម៉ឺនដុល្លារក៏មាន ។

បន្ទាប់រយ:ពេលជាង៦ឆ្នាំ មកនេះ ស្ត្រីជាមេតុងទីននេះ បានលេងជា មួយកូនតុងទីនយ៉ាងល្អប្រសើរ តែគិតត្រឹមរយ:ពេលជាង៥ខែមកនេះ មេតុងទីនបានព្យាយាមមិនឲ្យកូនតុងទីន ផ្សេងៗដេញយកតុងទីន ដែលងាប់នោះឡើយ ហើយប្រុងរត់ចោលកូនតុងទីនទាំងអស់ ដោយគេចវេសមិនខ្ចីលើកទូរសព្ទនោះឡើយ និងរត់គេចខ្លួនបាត់តែម្តង អស់រយ:ពេលជិត៦ខែមកហើយ ទើបកូនតុងទីនទាំងអស់នោះបានដឹងថា មេកំពុងតែវេចបង្វិចរត់គេចខ្លួននោះ ក៏បានរត់មកដាក់ពាក្យបណ្តឹង នៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយអន្តរាគមន៍ តែចៃដន្យក្រុមកូនតុងទីន បានជួបស្ត្រីជាមេតុងទីននោះ នៅក្នុងផ្សារកាណាស៊ីធី ទើបនាំគ្នាឃាត់ខ្លួនប្រគល់ ឲ្យនគរបាលចាត់ការតាមនិតិវិធីច្បាប់៕