បុរសម្នាក់ជិះទូកទៅឆក់ត្រី មិនប្រយ័ត្នឆក់ខ្លួនឯងស្លាប់ យ៉ាងអាណោចអាធម៌

កណ្ដាល៖ បុរសម្នាក់ទៅឆក់ត្រី តែមិនប្រយ័ត្ន ក៏បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ នៅព្រែកមួយកន្លែង កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ។ ជនរងគ្រោះឈ្មោះ ឈួន ម៉ាប់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ៨យប់ ជនរងគ្រោះ បានជិះទូកចេញទៅឆក់ត្រី នៅក្នុងព្រែក ហើយមិនឃើញជនរងគ្រោះត្រឡប់មកវិញទ្បើយ។ លុះមកដល់វេលាម៉ោង៦ ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានពលរដ្ឋម្នាក់ ឈ្មោះ កុយ ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ បានក្រោកពីដេកដើរ ទៅលប់មុខនៅកំពង់ទឹកព្រែក ស្រាប់តែប្រទះឃើញសពជនរងគ្រោះ ដោយឃើញមានទូកប៉ាឡា និងឧបករណ៍ឆក់ត្រី នៅក្នុងទូកក្បែខ្លួនជនរងគ្រោះផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើល ក៏រត់ទៅប្រាប់ប្រពន្ធជនរងគ្រោះ រួចបន្ដរាយការណ៍ទៅសមត្ថកិច្ចជំនាញផងដែរ។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យមើលឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ត្រីខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសនោះទេ ទើបប្រគល់សពឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕