រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់និសិ្សតពេទ្យ ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ នៅពេលចេញទៅប្រកបវិជ្ជាជីវៈ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់និស្សិតពេទ្យគ្រប់រូប ត្រូវខិតខំលើកកម្ពស់ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ នៅពេលដែលចុះធ្វើកម្មសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈរបស់ខ្លួន ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានក្រើនរំលឹកដល់និស្សិតពេទ្យទៀតថា «ពេលកំពុងសិក្សារៀនសូត្រ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព កម្លាំងកាយចិត្ដ ដើម្បីក្រេបយកចំណេះវិជ្ជានេះ យកទៅប្រើប្រាស់ប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺ» ។