ជាប់គុកបានដូចបំណង ព្រោះហ៊ានយកថ្នាំញៀនទៅឲ្យប្ដីដល់ក្នុងគុកព្រៃស

ភ្នំពេញ៖ លោក សេង រិទ្ធី ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីវៀតណាមម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ពាក់ព័ន្ធរឿង យកថ្នាំញៀនទៅឲ្យប្ដីនៅក្នុងគុកព្រៃស «ម១ »ចំនួន៣កញ្ចប់ធំល្មម ។

ជនជាប់ចោទរូបនេះមានឈ្មោះ ឡេ ធីយ៉ាង ភេទស្រី អាយុ២៨ឆ្នាំជនជាតិវៀតណាម មុខរបរលក់ដូរ មានទីលំនៅស្ថិតភូមិ៤ ឃុំកោះរកា ស្រុកកោះរកា ខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៨កន្លងមក កាលពីវេលាម៉ោង១១និង៥០នាទី កម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)បានត្រួតពិនិត្យនឹងឆែកឆែរ លើខ្លួនទណ្ឌិត ឈ្មោះ ឡេ ហាវីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម រកឃើញក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់ថង់ធំល្មម យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ក្រោយពីធ្វើការសាកសួរទណ្ឌិត ឈ្មោះ ឡេ ហាវីត បានប្រាប់ឲ្យមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)បានឲ្យដឹងថា ថ្នាំញៀនខាងលើនេះ គឺឈ្មោះ ឡេ ធីយ៉ាង ត្រូវជាប្រពន្ធរបស់គេបានមកចូលសួរសុខទុកហើយបានយកថ្នាំញៀនចំនួន០៣កញ្ចប់ថង់ធំល្មមមកឲ្យ រូបគេបន្ទាប់មកកម្លាំងមន្ត្រីមណ្ឌលអប់រំកែប្រែព្រៃស(ម១)ក៏បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡេ ធីយ៉ាង រួមនិងវត្ថុតាង ប្រគល់ឲ្យកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ថង់ធំល្មម , ទូរស័ព្ទម៉ាកណូគារចុចពិល(NOKIA) ពណ៌ខ្មៅចំនួន០១គ្រឿង បច្ចុប្បន្នជនសង្ស័យខាងលើកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕