បញ្ជូនខ្លួន​ជនសង្ស័យ​រំលោភ​សេពសន្ថវៈ​​និង​សម្លាប់​ក្មេង​ស្រី​២នាក់​បងប្អូន​បង្កើត​ទៅ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង

កំពង់​ឆ្នាំង​៖ នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះ​ បាន​បញ្ជូន​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ និងសម្លាប់ក្មេងស្រី២នាក់បងប្អូន​បង្កើត​ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ ដើម្បីចាត់ការតាមច្បាប់ ។

សូមបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈ និងសម្លាប់ ក្មេងស្រី២នាក់បងប្អូនបង្កើត​ គឺបានកើតឡើងកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះ​ជាករណីដ៏សាហាវឃោរ ឃៅ និងព្រៃផ្សៃបំផុត រហូតផ្ទុះការចែកចាយ និង​ជេរ​ប្រទេច​ជនដែលជាឃាតក ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook រយៈពេលប៉ុន្មានថ្ងៃមកនេះ ។ ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១៖ឈ្មោះ អុល លក្ខណា អាយុ១៤ឆ្នាំ ត្រូវជាបង និងទី២៖ឈ្មោះ អុល មេត្ដា អាយុ០៧ឆ្នាំ ត្រូវជាប្អូន ហើយអ្វីដែលកាន់តែគួរឱ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំង២នាក់​មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

កាលពីនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានធ្វើឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆុំ ពយ អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ហើយតាមចម្លើយសារភាពរបស់ជនសង្ស័យ បាន​ឱ្យ​ដឹងថា នៅយប់ថ្ងៃកើតហេតុ ទូរស័ព្ទខ្លួនអស់ថ្ម ក៏ទៅយកឆ្នាំងសាកនៅផ្ទះកុមារីរងគ្រោះ ហើយឃើញឱកាសស្ងាត់ល្អ ក៏ចាប់រំលោភកុមារីរងគ្រោះម្នាក់បង ពេលនោះប្អូនស្រី បានភ្ញាក់ដឹងខ្លូន ខ្លួនក៏ភ័យ​ក៏ទះកំភ្លៀងប្អូនស្រីនោះសន្លប់។

បន្ទាប់មកខ្លួនបានយកខ្នើយទៅខ្ទប់ច្រមុះ ឈ្មោះ អុល លក្ខណា និងច្របាច់កសម្លាប់ទាំងពីរនាក់បងប្អូន ហើយលើកដាក់ចូលក្នុងកេះឈើ និងយកខ្នើយសង្កត់ពីលើ រួចបិទគំរបកេះឈើ ខ្លួនក៏ដើរចុះទៅផ្ទះវិញ៕