ចាប់ឃាត.ករំលោភហើយសម្លាប់ក្មេងស្រីបងប្អូន២នាក់ នៅស្រុកបរិបូរណ៌បានហើយ

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ជនដៃដល់ដែលសម្លាប់ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ បន្ទាប់ពីការសម្លាប់ក្មេងស្រីទាំង២នាក់នេះ បានកើតឡើងពីករណីរំលោភ ហើយសម្លាប់ចោល ។

ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ.ល.ណ អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ.ធ.ត អាយុ៧ឆ្នាំ ​។ អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ ។
ជនដៃដល់មានឈ្មោះ ឆុំ ពយ គឺជាអ្នកជិតខាងក្មេងស្រីរងគ្រោះ។ ចំណែកជនសង្ស័យរូបនេះ បានឡើងទៅរំលោភក្មេងស្រីជាបង តែខណៈនោះក្មេងស្រីជាប្អូនបានឃើញ និងស្រែក ហើយដោយសារខ្លាចធ្វើឲ្យបែកការណ៍ ជនសង្ស័យបានយកខ្នើយ សង្កត់ដង្ហើមបណ្តាលឲ្យស្លាប់ទាំង២នាក់ភ្លាមៗ ។

ក្នុងប្រតិបត្តិការដ៏ក្តៅនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានហៅម្តាយមីង និងឪពុកមា របស់ក្មេងស្រីរងគ្រោះ និងជនដៃដល់ទៅសួរនាំផងដែរ ។ ពីដំបូងជនសង្ស័យ ប្រកែកមិនព្រមសារភាពនោះទេ តែទីបំផុតដោយសារការប្រើប្រាស់ជំនាញ របស់សមត្ថកិច្ចជនសង្ស័យក៏បានសារភាព ។ ផ្ទុយទៅវិញ ឪពុកមា និងម្តាយមីងរបស់ក្មេងស្រីរងគ្រោះ មិនពាក់ព័ន្ធនោះទេ ។ ក្រោយការឃាត់ខ្លួនជនសង្ស័យហើយ កម្លាំងនគរបាលរបស់លោក នឹងនាំជនដៃដល់ទៅធ្វើត្រាប់ នៅទីកន្លែងកើតហេតុផងដែរ។

គួររំលឹកថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

​សេចក្ដីរាយការណ៍ពីមូលដ្ឋាន ដែលដកស្រង់សម្ដីរបស់ពូជនរងគ្រោះ បានឲ្យដឹងថា ​​ជាធម្មតាក្មេងស្រីទាំងពីរ ​​ជារៀងរាល់ព្រឹកតែងតែទៅផ្ទះរបស់គាត់ ហូបបាយហូបទឹក និងយកគោទៅចងឲ្យស៊ីស្មៅជាធម្មតា ចំឡែកតែព្រឹកថ្ងៃកើត​ហេតុ ​មិនបានឃើញក្មេងស្រីទាំងពីរនោក់នោះ សាច់ញាតិក៏បាននំាគ្នា ដើររកគ្រប់ទីកន្លែងតែរកមិនឃើញ។ រហូតដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ ពូរបស់ជនរងគ្រោះបានឡើងលើផ្ទះជន​រងគ្រោះ និងបានបើកកេស​មើល ក៏ប្រទះឃើញសពក្មេងស្រីទាំងពីរ​ដេកស្លាប់នៅក្នុងកេស​នោះ ទើបពូជនរងគ្រោះលើកចេញពីក្នុងកេសមកដាក់នៅក្រៅ និងបានប្តឹងដល់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុតែម្តង​។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក​​សម្លាប់ និងយកទៅដាក់ក្នុង​កេសដាក់ខោអាវ ពិតប្រាកដមែន ៕