ឪពុកមា ម្ដាយមីង និងអ្នកជិតខាងសរុប៣ នាក់ ត្រូវប៉ូលិសយកទៅសួរនាំរឿងឃាតកម្មសម្លាប់បងប្អូន២នាក់

កំពង់ឆ្នាំង៖ អំពើឃាតកម្មសម្លាប់ ក្មេងស្រីបងប្អូនបង្កើត២នាក់ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចហៅឪពុកមា ម្ដាយមីង និងអ្នកជិតខាងសរុប៣នាក់ យកទៅសួរនាំតាំងពីថ្ងៃម្សិលមិញ ពុំទាន់អនុញ្ញាតឲ្យត្រឡប់ទៅវិញនោះទេ ។

ក្រោយមានអំពើឃាតកម្ម នេះកើតឡើង នគរបាលរបស់លោក បានឃាត់ខ្លួនមនុស្ស៣នាក់ ពីរនាក់ជាឪពុកមា និងម្ដាយមីងហើយម្នាក់ទៀត គឺជាអ្នកជិតខាងយកមកសួរនាំ ប៉ុន្ដែមិនទាន់អាចបញ្ជាក់ថា ពួកគេគឺជាអ្នកពាក់ព័ន្ធ ឬជនដៃដល់នៃការសម្លាប់ក្មេងស្រីរងគ្រោះទាំងពីរនាក់នោះឡើយ ក៏ព្រោះតែពួកគេមិនបានសារភាព។

សូមបញ្ជាក់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត ត្រូវឃាតកចិត្តខ្មៅគ្មានក្ដីមេត្ដាសម្លាប់រួចញាត់ចូលក្នុងកេស ហើយយកទៅដាក់លើផ្ទះខ្ទម ដែលជនរងគ្រោះស្នាក់នៅរាល់ថ្ងៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្រោយការពិនិត្យកោសល្យវិច្ច័យ សមត្ថកិច្ចបញ្ជាក់ថា សពពិតជាត្រូវបានឃាតក សម្លាប់ និងយកទៅដាក់ក្នុង កេសដាក់ខោអាវ ពិតប្រាកដមែន។ ជនរងគ្រោះទាំងពីរ ទី១៖ឈ្មោះ អ៊ុល លក្ខណា អាយុ១៤ឆ្នាំ និងទី២៖ឈ្មោះ អ៊ុល ធីតា អាយុ៧ឆ្នាំ ។

អ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ៕