លោក​ សារិទ្ធ​ បញ្ញា​ អធិការ​រង​ក្រុង​សៀមរាប​ ស្រវឹង​ស្រាយក​​ប៊័ងតោ​​គប់កូនចៅរយះ​ក្បាល​ត្រូវកូនចៅប្ដឹង

សៀមរាប​៖ ​ប៉ូលិស​ក្រុង​សៀមរាប​មួយ​រូប​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​លោក​ សារិទ្ធ​ បញ្ញា​ អធិការ​រង​នគរបាល​ក្រុង​សៀមរាប​ ដែល​ស្រវឹង​ជោកជាំ​ ហើយ​ទាញ​កាំបិត​ប៊័ងតោ​គប់​រូប​គាត់​បណ្តាលឱ្យ​រយះ​ក្បាល​ដេរ​អស់​៣ថ្នេរ​ ។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​ចាត់​ការ​លើ​បណ្តឹង​នេះ​ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងអធិការនគរបាល​ក្រុងសៀមរាប ខេត្តសៀមរាបតែម្តង។

លោកសារិទ្ធ បញ្ញា​ អធិការ​រង​នគរបាល​ក្រុង​សៀមរាប​ ទទួលបន្ទុកកិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល​ បានស្រវឹង​ជោកជាំ​ហើយ​ប្រើអំពើហិង្សាលើកូនចៅ ដោយ​គប់​កាំបិត​ប៊័ងតោ​បណ្តាលឱ្យ​បែកក្បាលដេរ៣ថ្នេរ។​ ជនរងគ្រោះឈ្មោះ លីវ សុឈុនលេង ភេទប្រុស អាយុ២៨ឆ្នាំ។

ប្រភព​ព័ត៌មាន​ បន្ត​ថា​ នៅពេលកើតហេតុគឺជា​វេន​ប្រចាំ​ការ​របស់​ជនរងគ្រោះ​ ដោយ​កំពុងអង្គុយប្រចាំការនៅអធិការក្រុងសៀមរាប ស្រាប់តែលោក​សារិទ្ធ​ បញ្ញា​ បានស្រវឹងជោគជាំមិនដឹងមកពីណាទេ បានប្រើពាក្យសម្តីមិនសមរម្យមកលើជនរងគ្រោះ។ ពេលនោះក៏បានប្រកែកគ្នាបន្តិចបន្តួច លោកអធិការរងខឹងសម្បារ ទាញកាំបិតដែលនៅជិតខ្លួនស្រាប់ គប់មកលើជនរងគ្រោះ បណ្តាលឱ្យ​បែកក្បាលរយះហូរចេញឈាម​ ។

ភ្លាមៗ​ពេលនោះជនរងគ្រោះមិនបានតបតវិញទេ ហើយដើរចេញទៅរកពេទ្យដើម្បីព្យាបាលរបួស តែម្តង ដោយ​ពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងតាមនីតិវិធីច្បាប់​ ។ ពាក់ព័ន្ធ​ករណី​នេះ​ ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​ សារិទ្ធ​ បញ្ញា​ អធិការ​រង​នគរបាល​ក្រុង​សៀមរាប​ បាន​នៅ​ឡើយទេ​ ៕