ឲ្យលុយបង់ពន្ធមិនគ្រប់ ទើបត្រូវកម្លាំងនគរបាលខេត្តកណ្តាលបង្ក្រាបបានរថយន្តធុនធំ៤គ្រឿង

ខេត្ដកណ្ដាល៖ រថយន្តម៉ាក Hyundai ធុនធំចំនួន៤គ្រឿង ដែលដឹកទំនិញមានមី និងប្រេងឆាពេញរថយន្តតែម្តង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលរបស់លោក ធ្វើការឃាត់ជាប់នៅវេលាម៉ោង០២និង១៦នាទី ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ០៣ ផ្លូវជាតិលេខ០២ ស្ថិតក្នុងភូមិព្រៃទទឹង និងភូមិព្រែកអង្គុញ ឃុំសៀមរាប ឃុំវាលវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មន្រ្តីសមត្ថកិច្ចនិង តុលាការខេត្តកណ្តាលបានបញ្ជាក់ផងដែរ រថយន្តដឹកទំនិញទាំង៤គ្រឿងនេះ សង្ស័យបង់ពន្ធមិនគ្រប់ដែលនាំចេញពីវៀតណាម និងដឹកចេញពីច្រកក្នុងខេត្តតាកែវ និងច្រកខេត្តកំពត។

នគរបាលខេត្តកណ្តាលបានបង្ហាញថា មានរថយន្តធុនធំជាច្រើនគ្រឿង បានសម្រុកដឹកទំនិញនៅលើផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ទើបសមត្ថកិច្ចបានពួនស្ទាក់ រហូតមានការឃាត់រថយន្តទាំងនោះដោយមានការសង្ស័យថា បង់ពន្ធមិនគ្រប់ ។

សមត្ថកិច្ចឃាត់បាននោះរួមមាន៖
ទី១៖ រថយន្តម៉ាក Mitsubishi Fuso ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2375 នាំចូលតាមច្រកភ្នំដិ ខេត្តតាកែវ
ទី២៖ រថយន្តម៉ាក Hyundai ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-0088 នាំចូលតាមច្រកព្រែកចាក ខេត្តកំពត
ទី៣​៖ រថយន្តម៉ាក Hyundai ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ3B-1395 នាំចូលតាមច្រកព្រែកចាក ខេត្តកំពត
ទី៤៖ រថយន្តម៉ាក Hyundai ពាក់ស្លាកលេខ ពណ៌ស ពាក់ស្លាកលេខ3A-1830 នាំចូលតាមច្រកភ្នំឌិន ខេត្តតាកែវ។

បច្ចុប្បន្ន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើកំណត់ហេតុ ប្រគល់-ទទួល ទៅឲ្យខាងសាខាគយ និងរដ្ឋាករខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់៕