រត់ចូលឡានឲ្យឡានកិនស្លាប់ នៅមុខហាងសាច់អាំង BBQ របស់ម៉ែក្មេកព្រោះខឹងប្រពន្ធរត់ចោល

ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលព័ត៌មានបឋមរាយការណ៍មកថា ជាកូនប្រុសរបស់ម្ចាស់ហាងម៉ែក្មេក ហេងហេង ដើរឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿង បុកស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ៦ និង១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ នៅត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ស្ថិតក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ នោះ ការពិតជនរងគ្រោះគឺជាម្នាស់ហាង “ម៉ែក្មេក ហេង ហេង BBQ សាច់អាំង និងស៊ុប” ស្ថិតនៅកន្លែងកើតហេតុ ក្នុងភូមិចុងអាង ស្រុកស្វាយអន្ទរ ។ ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ៣០ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានឈររេរានៅចិញ្ចើមផ្លូវ នៅមុខហាង “ម៉ែក្មេក ហេង ហេង BBQ សាច់អាំង និងស៊ុប”នោះ។ ខណៈ មានរថយន្តយីឌុបមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ3A-0988 កំពុងបោះពួយមកដល់ស្រាប់តែជនរងគ្រោះបានរត់ចូលភ្លាមៗតែម្ដង បណ្តាលឲ្យរថយន្តកិនបែកក្បាលខ្ទេច ហើយស្លាប់គួរឲ្យអាណោចអាធ័មបំផុត។

ក្រោយកើតហេតុ អ្នកបើកបររថយន្ទយីឌុប បានបើកបម្រុងរត់គេច តែត្រូវបងប្អូនសាច់ញាតិជនរងគ្រោះចាប់ស្ទាក់បានភ្លាមៗ ប៉ុន្តែដោយសារបងប្អូនសាច់ញាតិជនរងគ្រោះគិតរថា ជនរងគ្រោះបានរត់ចូលឡានខ្លួនឯង ក៏ដោះលែងឲ្យម្ចាស់រថយន្តទៅវិញ និងមិនប្តឹងផ្តល់អ្វីនោះទេ។ យោងតាមប្រភពជិតស្និទ្ធនឹងជនរងគ្រោះ បានឲ្យដឹងថា មូលហេតុនៃការរត់ចូលឡានសម្លាប់ខ្លួនរបស់ជនរងគ្រោះ គឺប្រហែលជាតូចចិត្តដោយសារប្រពន្ធរត់ចោល និងតែងតែឃើញជនរងគ្រោះមានទឹកមុខស្រពាប់ស្រពោន ៕