នារីម្នាក់កំពុងតែអង្គុយលក់ថ្នាំញៀនសុខៗត្រូវប៉ូលិសប៉ុស្តិចាក់អង្រែលើចាប់វាយខ្នោះ

ភ្នំពេញ៖ ដោយមានការបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍តេងស៊ីណូអធិការនគរបាលខណ្ឌមានជ័យបានបញ្ជារអោយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលទាំង៧ប៉ុស្តិចុះល្បាតការពារសុខសុវត្ថភាពក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៥ ខែ តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២ម៉០០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចវាលខ្សាច់ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ គូ សុខរី ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ​ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៥ កញ្ចប់ថង់តូច ។ បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ គូ សុខរី ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាម នីតិវិធី ។