ឃាត់ខ្លួនមន្ត្រីនគរបាលក្រុងកំពតដែលយកកាំភ្លើងភ្ជង់តៃកុងឡាននិងអ្នករួមដំណើរតាមផ្លូវ

ខេត្តកំពត៖ បន្ទាប់ពីបានទទួលព័ត៌មានតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមន្ត្រីនគរបាលក្រុងកំពត ម្នាក់ឈ្មោះ ម៉េង ដា ភេទប្រុស អត្តលេខ ៦០០៤៣ ដែលបានប្រព្រឹត្តសកម្មភាពយកអាវុធភ្ជង់ប្រជាពលរដ្ឋកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលទឹកឈូ ។ បច្ចុប្បន្នមន្ត្រីរូបនេះត្រូវបានស្នងការដ្ឋានខេត្តកំពត ចាត់ការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ហើយជាមួយគ្នានេះផងដែរ ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពត ក៏សូមអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះទង្វើ ដ៏អសីលធម៌របស់មន្ត្រីខិលខូចដែលបង្ក សកម្មភាពឲ្យបងប្អូនមានការភិតភ័យ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបាន បង្ហោះ និងផ្សព្វផ្សាយព័ត៌មានទាន់ពេលធ្វើឲ្យស្នងការដ្ឋានមានមូលដ្ឋានដើម្បីស្រាវជ្រាវ និងចាត់ការបង្ក្រាប ។ ជាចុងបញ្ចប់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានបញ្ហាអ្វីកើតឡើងជាយថាហេតុ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៧៧៨ ០០១០ សូមអរគុណ ៕