ស្លាប់មនុស្សម្នាក់និងរបួស៣នាក់ ខណៈពេលអគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្ដ

ខេត្ដកណ្ដាល៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់តាមប្រពន្ធ័Whatappឱ្យដឹងថា​ ខណៈពេលនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តដដែលកំពុងសាងសង់មួយកន្លែង ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៣នាក់នោះ ត្រូវបានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

ករណីនេះបើយោងតាមលោកឧត្តមសេនីយ៍ស្នងការ បាននិយាយប្រាប់អ្នកសារព័ត៌មានកម្ពុជាទាន់ហេតុការណ៍ថា ​​អគ្គិភ័យនេះបណ្ដាលមកពីជាងផ្សាដែក ​ដែលកំពុងតែជួសជុលនៅខាងក្នុងក្លឹបកម្សាន្តមួយនោះ ស្រាប់តែឆ្លងចរន្ដអគ្គិសនីឆេះតែម្ដង។

​លោកស្នងការ បានបញ្ជាក់ថា ទីតាំងក្លឹបដែលកំពុងសាងសង់នេះ មានជញ្ជាំងបេតុង ដំបូលស័ង្កសី ​មានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ៥០ម៉ែត្រ ដោយស្ថានភាពឆេះដំបូងចេញពី​ខាងក្នុង ដូច្នេះនាំឱ្យកម្លាំងសមត្ថកិច្ច មានការលំបាកក្នុងការ​ចូលជួយអន្ដរាគមន៍ ៕