ប្រញាប់ងាប់ទៅណា! លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ត្រូវបានសម្តេចតេជោ ចារដោយប៊ិចក្រហម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចារដោយប៊ិចក្រហម នៅលើលិខិតរបស់អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ ដែលបានស្នើសុំសម្តេច តែងតាំងអភិបាលខេត្តថ្មី បំបែកចេញពីខេត្តកណ្តាល។ លើចំណារនោះ សម្តេចតេជោ ហ៊ុន សែន បានសរសេរផ្ទាល់ដៃ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ថា “ប្រញ៉ាប់ ងាប់ទៅណា!
-បើខេត្តមិនទាន់បំបែកផង
-បើទោះបំបែកក៏មិនឲ្យដែរព្រោះអស់លោកលោភលន់ពេក” ។

បើតាមក្នុងលិខិតចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានគោរពជូនសម្តេចតេជោ ហ៊ុន សែន ដោយអនុញ្ញាតស្នើសុំ លោក នៃ ចារី បច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាល ជាបេក្ខជនអភិបាលខេត្តថ្មី ដែលបំបែកចេញពីខេត្តកណ្តាល។

តាមលិខិត លោក នៃ ចារី សព្វថ្ងៃ ជាអភិបាលរងខេត្តកណ្តាល និងជាឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានបម្រើការងារអស់រយៈពេល ៣០ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ស្នងការរងនគរបាលខេត្តកណ្តាល ជាអភិបាលរងខេត្តកណ្តាល ជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងជាអភិបាលរងខេត្តកណ្តាល។

សូមបញ្ជាក់ថា នៅក្នុងទិវាគ្រូបង្រៀន ថ្ងៃ០៥តុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចំណាររបស់សម្តេច លើលិខិតស្នើសុំតែងតាំងអភិបាលខេត្តថ្មី ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលុបចោលគម្រោងសិក្សាបង្កើតខេត្តថ្មី ២ ដែលដើមឡើយ ខេត្តមួយ គ្រោងនឹងបំបែកពីខេត្តកណ្តាល និងខេត្តថ្មី ដែលគ្រោងនឹងបំបែកចេញពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរីផងដែរ៕