ឆបោក​ប្រាក់ ពលរដ្ឋ​ជិត១០ម៉ឺន​ដុល្លារ ជាថ្នូររត់ការ​ចូល​ក្របខ័ណ្ឌ​ប៉ូលិស បែរជា​យកលុយ​គេ​ទៅលេង​ល្បែង និង ​ផឹកស៊ី​អស់

ខេត្តប៉ៃលិន៖ កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនសមាជិក​ក្រុមប្រឹក្សាឃុំ​ម្នាក់ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ជាង៥០នាក់ ដែល​ក្នុងនោះ មាន​ទាំង​មេភូមិ​ម្នាក់​ផង។ បន្ទាប់ពី​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ជិត១០ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​ប៉ូលិស​ខេត្ត​ប៉ៃលិន តែ​បែរជា​យកលុយ​គេ​ទៅលេង​ល្បែង និង​ផឹកស៊ី​អស់។

ជនសង្ស័យ​ជា​ក្រុមប្រឹក្សាឃុំ​នោះ មានឈ្មោះ អេង ឡុង ភេទ​ប្រុស អាយុ៥៣ឆ្នាំ មុខរបរ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

​ជនរងគ្រោះ​ម្នាក់ ក្នុងចំណោម​ជិត៥០នាក់ មានឈ្មោះ គង់ ស្រី ភេទ​ស្រី អាយុ៥៩ឆ្នាំ មុខរបរ​ជា​មេភូមិ​អូរ​រអិល ឃុំ​ស្រុក​កើតហេតុ​ខាងលើ បានមក​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច ទើប​បែលធ្លាយ ឈានដល់ការ​ឃាត់ខ្លួន​មក​សាកសួរ​តែម្ដង។

ក្រោយពី​ការសួរនាំ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជាបានទទួល​ប្រាក់​ពី​ឈ្មោះ គង់ ស្រី ចំនួន៨៩,៥០០ដុល្លារ (ប្រាំបី​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំ​រយ​ដុល្លារ​សហរដ្ឋអាមេរិក) ស្មើនឹង​ចំនួន៤៩នាក់ ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន ។ ចំពោះ​ប្រាក់​ទាំងនោះ ជនសង្ស័យ​បាន​យកទៅ​ចាញ់ល្បែង​នៅកាស៊ី​ណូ និង​ផឹកស៊ី​អស់ហើយ គ្មាន​លុយ​សង​វិញ​ទេ។ ជនសង្ស័យ​កំពុងធ្វើការ​ឃាត់ខ្លួន​ប​ណ្ដោះ​អាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន បន្ត​ចំណាត់ការ​តាម​នីតិវិធី ៕