ជិះម៉ូតូមកពីភ្ជុំត្រូវរថយន្ដបុកស្លាប់ភ្លាមៗនៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូមកពីលេងប្រពន្ធពេលបុណ្យភ្ជុំបិណ្ឌចប់ក៏ត្រូវរថយន្ដស៊េរីទំនើបបុកបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្សារកំបូល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

សាកសពជនរងគ្រោះមានឈ្មោះ ឈឹម ចាន់ណា អាយុ៣០ឆ្នាំ មុខរបរ កម្មកររោង ចក្រ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅឯខេត្តតាកែវ ។

ប្រពន្ធជនរងគ្រោះបាននិយាយប្រាប់ទាំងទឹកភ្នែកថា ប្ដីរបស់គាត់បានចេញពី ផ្ទះក្នុងគោលបំណងទៅបន្ទប់ជួលនៅក្នុងសង្កាត់ចោមចៅ ដើម្បីបន្ដការងារ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួួយគ្រឿងម៉ាក់ ស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1E-5545ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិលដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏មានរថយន្ដមួយគ្រឿងម៉ាក លុចសុីសNX200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-3871 បានធ្វើដំណើរស្របគ្នាក្នុងល្បឿនលឿន ហើយក៏បានបុកម៉ូតូជនរងគ្រោះពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។ ចំណែករថយន្ដបង្កព្យាយាមបើករត់ ប៉ុន្ដែបើកទៅមុខបានប្រហែល៥០ម៉ែត្ររថយន្ដទៅមុខលែងរួច ម្ចាស់រថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកតែ រថយន្ដ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុរួចក៏ទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ដើម្បីធ្វើការវាស់វែងយករថយន្ដបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានរត់រថយន្តសាមុយដឹកបព្ជូានទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕