នារីវយ័ម្នាក់ត្រឡប់មកពីវត្តម្នាក់ឯង ស្រាប់តែត្រូវគេទាញចូលក្នុងព្រៃ

ខេត្តរតនគិរី៖ នារីវយ័១៧ឆ្នាំម្នាក់ត្រឡប់មកពីវត្តម្នាក់ឯង ត្រូវជនមិនស្គាល់អត្តសញ្ញាណ ចាប់អូសចូលព្រៃរំលោភបានសម្រេច ហេតុការណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង​១១ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចព្រៃក្រោយ​វត្តសោភ័ណ្ឌ ហៅវត្តជំរុំបីស្រុក ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាឡែង​​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ន.ន. ជ.វ. អាយុ១៧ឆ្នាំ ជនជាតិទំពួន (ជនរងគ្រោះជាមនុស្សសរសៃប្រសាទ) ។ រីឯជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។

ប្រភពបន្តថា នៅវេលាម៉ោងប្រហែល១១និង០០នាទី ជនរងគ្រោះក្រោយពីរាប់បាត្រនៅវត្តរួច ក៏បានយកម្ហូប និង បាយដើរត្រឡប់មកផ្ទះវិញ តាមផ្លូវក្រោយវត្តម្នាក់ឯង(ជាផ្លូវស្ងាត់)ពេលដើរមកដល់ចំណុចកើតហេតុ ស្រាប់តែលិចមុខជនមិនស្គាល់អត្តសញ្ញាណម្នាក់ មកចាប់ដៃជនរងគ្រោះទាញចូលទៅក្នុងព្រៃចម្ងាយពីផ្លូវប្រហែល៣ម៉ែត្ររួចចាប់រំលោភតែម្តង ។ បន្ទាប់ពីទទួលបណ្តឹងរាយការណ៍ផ្ទាល់មាត់ កម្លាំងនគរបាលប៉ុស្តិ៍បានចុះពិនិត្យកន្លែងកើតហេតុ និងតាមរកជនសង្ស័យទាំងនោះគ្រប់កន្លែងតែរកមិនឃើញ ៕