អភិបាលខណ្ឌមានជ័យ​ បញ្ជាឲ្យកម្លាំងចុះប្រមូលសំរាមតាមដងផ្លូវជាតិលេខ២

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា​​​ ឆ្នាំ២០១៨នេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក​ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ឡុង​ ង៉ែត​ អភិបាលរង​ខណ្ឌមានជ័យ​ ទទួលបន្ទុក​សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ​ បានអោយកម្លាំងប្រជាការពារខណ្ឌ ដឹកនាំកម្លាំង​ដោយ​លោក លោក ឡេង​ ច័ន្ទសុភ័ត្រា​ ប្រធានសន្ដិសុខសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ បានចុះប្រមូលសំរាម នៅក្រោមស្ពានអាកាសក្បាលថ្នល់​ និងតាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម​ រហូតដល់រង្វង់មូលព្រះនរាយណ៍ ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលកកស្ទះសំរាម ដោយសារបងប្អូនជាម្ចាស់លំនៅដ្ឋាន, ម្ចាស់អាជីវកម្ម, សេវាកម្ម បានបញ្ចេញសំរាម​ដាក់តាម​ដងផ្លូវ​ ខណៈដែលកម្មករប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី ត្រូវបានឈប់សម្រាក ក្នុង​ឱកាសពិធី​បុណ្យភ្ជុំ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០,១១ ខែតុលា ឆ្នាំ២០១៨នេះ ។

ក្នុងអំឡុងពេលនេះលោក អភិបាលខណ្ឌមានជ័យ ក៏បានសំណូមពរពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ មេត្តារក្សាសំរាមឲ្យបានត្រឹមត្រូវ ក្នុងទីតាំងរៀងៗខ្លួនបណ្ដោះអាសន្នសិន ដើម្បីរងចាំខាងសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នឹងចូលបម្រើការងារធម្មតាវិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខ ៕