ជក់គ្រឿងញៀនចិត្តក្លាហាន លួចម៉ូតូកង់បីត្រូវអាវុធហត្ថរាជធានីភ្នំពេញ ក្របួចចូលគុគ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ បានបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បី ។ ករណីលួចម៉ូតូនេះ កើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០១៖០០នាទីរំលងអាធ្រាត្រ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យទាំង០២នាក់។ ជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូកង់បី០១គ្រឿង គ្មានស្លាកលេខ ជារបស់ជនរងគ្រោះមានឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលបានចតទុកនៅមុខនៅមុខផ្ទះជួលរបស់ខ្លួន ហើយបានចាក់សោរ-ក យ៉ាងត្រឹមត្រូវដូចសព្វដង ហើយបានចូលទៅដេកជាធម្មតា។

ក្រោយភ្ញាក់ពីដំណេក ជនរងគ្រោះបានចេញទៅមើលម៉ូតូកង់បីរបស់ខ្លួន ដើម្បីយកទៅជួយដឹកសម្ភាររបស់ប្រពន្ធ ទៅលក់នៅផ្សារច្បារអំពៅ តែមិនឃើញម៉ូតូកង់បីរបស់ខ្លួន ហើយបានដឹងថាត្រូវចោរលួចយកទៅបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បឲ្យជួយស្រាវជ្រាវរក ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុធី ហៅវ៉ាង ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អាវុធហត្ថខណ្ឌច្បារអំពៅ បានបន្តសហការណ៍ជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ គង់ សុថៃ ហៅថៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានយកពួកគេទាំង០២នាក់នេះ មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពដូចគ្នាថា ខ្លួនឈ្មោះ ចាន់ សុធី ហៅវ៉ាង និងឈ្មោះ គង់ សុថៃ ហៅថៃ ពិតជាបានធ្វើសកម្មភាព លួចម៉ូតូកង់បីរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយមុនធ្វើសកម្មភាពលួច ពួកខ្លួនបានទៅជក់គ្រឿងញៀន នៅផ្ទះឈ្មោះ ទ្រី ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពេលពួកគេជក់គ្រឿងញឿនហើយ បានដើរទៅតំបន់ការ៉ង់ ក៏ឃើញម៉ូតូកង់បី០១គ្រឿង ចតទុកមុខផ្ទះដោយមានចាក់សោរ-ក ត្រឹមត្រូវ ហើយពួកខ្លួនបានចូលទៅកាច់សោរ-ក ជិះយកទៅលាក់ទុកក្នុងដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យបានបន្តថា បន្ទាប់មកឈ្មោះ ចាន់ សុធី បានត្រឡប់ទៅដេកនៅផ្ទះរបស់គេវិញ ចំណែកឈ្មោះ គង់ សុថៃ នៅអង្គុយចាំម៉ូយមកទិញកង់បីនោះ។ លុះដល់ម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់ពួកខ្លួនតែម្តង ៕