ព្រោះតែរឿងទំនាស់ពាក្យសម្តី យកកូនកន្ត្រៃច្រឹបអំបោះ ចាក់លើដងខ្លួននារីម្នាក់ជាអ្នកម៉ាស្សា បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ នារីជាបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារយីហោMH ២នាក់ ដោយម្នាក់របួសធ្ងន់ ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ក្រោយកើតជម្លោះគ្នាបន្តិចបន្តួច រហូតក្លាយជាហិង្សាវាយប្រតប់គ្នាទៅវិញទៅមក ស្រាប់តែជនដៃដល់ទាញកូនកន្ត្រៃបាន ចាក់ត្រូវដងខ្លួននារីរងគ្រោះចំនួន៣កន្លែង របួសធ្ងន់ កាលពីថ្ងៃ ទី០៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារ MH ទីតាំងដីឡូត៍លេខ៦១-៦៣ ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ក្នុងករណីប្រើអំពើហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោសដោយបានយកកូនកន្ត្រៃសម្រាប់ច្រឹបអំបោះ ចាក់ទៅលើ ជនរងគ្រោះ បណ្តាលឲ្យរងរបួសនៅដើមដៃខាងឆ្វេង, គន្លាក់ដៃខាងឆ្វេង និងរងរបួសធ្ងន់លើចង្កេះខាងឆ្វេង ។

ជនសង្ស័យឈ្មោះ ទុំ សោភ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ម ស្រីមាស ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជា បុគ្គលិកម៉ាស្សា ក្នុងសណ្ឋាគារMH ស្នាក់នៅផ្ទះជួល ផ្លូវលេខ១២២ ក្រុមទី១៩ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

បើតាមមូលហេតុដែលបង្កឡើងនេះ គឺបណ្តាលមកពីទាស់ពាក្យសម្ដីគ្នា ដោយសារតែជនរងគ្រោះបានយកដបទឹកបាញ់សក់ បាញ់ទឹកដាក់ជនសង្ស័យ បណ្តាលឲ្យប្រឡាក់ផ្ទៃមុខ ដែលទើបតែតុបតែងរួច ក៏កើតជារឿងឈ្លោះប្រកែកគ្នា,ប្រតាយប្រតប់គ្នា ហើយជនសង្ស័យក៏បានយកកូនកន្ត្រៃ ចាក់ទៅលើជនរងគ្រោះត្រូវ ចំនួន៣កន្លែង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះព្យាបាលរបួសនៅមន្ទីរ ចំណែកនារីបង្កស្នាមរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍កសាងសំណុំរឿងចាត់ការនិតិវិធីច្បាប់ ៕