ទើបប្រឡងជាប់បាក់ឌុប ត្រូវរថយន្ដដឹកស៊ីម៉ងត៍បើកឡើងស្ពានព្រែកព្នៅមិនរួចរអិលថយក្រោយកិនស្លាប់

រាជធានីភ្នំពេញ៖ រថយន្ដដឹកស៊ីម៉ងត៍ឡើងលើស្ពានព្រែកព្នៅមិនរួចរអិលថយក្រោយកិនម៉ូតូដែលកំពុងធ្វើដំណើរពីក្រោយបណ្ដាលឱ្យកូនស្រីស្លាប់យ៉ាងអាណោចអាធម៍ និង ម្ដាយរបួសស្រាល ។ ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៣ ខែតុលាឆ្នាំ២០១៨នៅចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាកសពនារីរងគ្រោះមានឈ្មោះ ស៊ុន សាំងហៀង អាយុ១៩ឆ្នាំមុខ របរ សិស្ស ម្តាយរបស់នារីរងគ្រោះបាន ឈ្មោះ រុីអាយុ៤២ឆ្នាំ ស្នាក់នៅបច្ចុប្បន្នម្ដុំទីតាំងកើតហេតុខាងលើ មានស្រុកកំណើតភូមិអន្លងស្នែង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

យោងតាមសម្ដីរបស់ម្ដាយរបស់ជនរងគ្រោះបាននិយាយរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1DP-0934 ពីរនាក់កូនស្រីចេញពីផ្ទះតាមបណ្ដោយផ្លូវឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងទៅលេងផ្ទះបងប្អូននៅម្ដុំគីឡូម៉ែត្រលេខ៦ លុះជិះឡើងលើស្ពានព្រែកព្នៅត្រើយខាងកើតក៏មានរថយន្ដម៉ាក ហ៊ីយ៉ានដាយ ដឹកស៊ីម៉ងត៍មួយគ្រឿងបើកពីមុខម៉ូតូរបស់គាត់បំណងឡើងលើស្ពានដែលបើកបរស្របទិសគ្នាពីកើតទៅលិច ពេលនោះមិនដឹងយ៉ាងម៉េច រថយន្តបង្ករអិលថយក្រោយរ៉េពេញស្ពាន គាត់បានគេចទៅឆ្វេងរថយន្តរ៉េមកឆ្វេង គាត់បានគេចទៅស្តាំងរថយន្តថយរ៉េទៅស្តាំ គាត់ក៏គេចមកឆ្វេងវិញ ស្រាប់តែកូនស្រីរបស់គាត់លោតចុះពីលើម៉ូតូក៏ត្រូវរថយន្តបង្កថយកិនស្លាប់តែម្តង ។ចំណែកតៃកុងរថយន្ដបានចុះពីលើរថយន្ដព្យាយាមរត់គេចខ្លួនតែត្រូវពលរដ្ឋដេញចាប់ប្រគល់អោយសមត្ថកិច្ចនគរបាលភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយបានជួយសម្រួលចរាចរណ៍ហើយបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងអូសរថយន្ដនិងម៉ូតូយកទៅរក្សាទុកដោះស្រោយគ្នានៅពេលក្រោយ ។ ដោយឡែកសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណតហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕