ឈ្លោះគ្នាជាមួយគូរដណ្ដឹង យុវជនម្នាក់លោតពីលើអាគារកំពស់៥ជាន់មិនស្លាប់

ភ្នំពេញ៖ យុវជនម្នាក់ព្រោះតែឈ្លោះគ្នាជាមួយគូរដណ្ដឹង បានលោតពីលើអាគារកំពស់៥ជាន់បណ្ដាលឲ្យរងរបួសធ្ងន់ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្បែរសណ្ឋាគារអូតេល ស តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ យុវជនរងគ្រោះចិត្តធំខាងលើមានឈ្មោះ ឡុង ម៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបអ្នកអនាម័យនៅសណ្ឋាគារ ស្នាក់នៅក្បែកន្លែងកើតហេតុ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនរងគ្រោះកំពុងអង្គុយផឹកសុីជាមួយគូរដណ្ដឹង និងមិត្តភក្តិប្រុសស្រី២-៣នាក់ទៀត លុះផឹកសុីមួយសន្ទុះក្រោយមកគេឃើញជនរងគ្រោះអង្គុយយំដោយសង្ស័យឈ្លោះប្រកែកគ្នាជាមួយគូរដណ្ដឹង ហើយជនរងគ្រោះបានប្រាប់ទៅគូរដណ្ដឹងរបស់ខ្លួននិងមិត្តភក្តិថា(សុំទៅបត់ជើងតូចបន្តិច) លុះទៅមិនឃើញត្រឡប់មកវិញ ក៏គូរដណ្ដឹងនិងមិត្តភក្តិចេញក្រៅមកមើល ស្រាប់តែឃើញជនរងគ្រោះលោតពីផ្ទះបាត់ទៅហើយតែសំណាងណាស់ជនរងគ្រោះមិនបានបាត់បង់ជីវិត ខណះពេលដែលលោតពីលើមកក្រោមចំដើមត្របែកព្រៃមួយដើមនៅខាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យកាលម៉ែត្រដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំគូរដណ្ដឹងជនរងគ្រោះ ព្រមទាំងមិត្តដែលអង្គុយរួមគ្នា ដឹកយកទៅប៉ុស្តិ៍នគរបាលមនោរម្យដើម្បីសួរនាំរឿងហេតុ ៕