អភិបាលខណ្ឌពោធិ៍សែនជ័យ បើកដៃឲ្យឈ្មួញកាប់ដីបឹងយ៉ាងគគ្រឹកគគ្រេង នៅសង្កាត់បឹងធំ

ភ្នំពេញ ៖ រថយន្តដឹកដី ប្រភេទសុទ្ធតែធន់ធំ ដឹករត់គគ្រឹកគគ្រេង ហុយសំពោង អ័ព្វ បើកបរគ្មានកោតក្រែងប្រជាពលរដ្ឋ នៅក្នុងភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ដែលពលរដ្ឋលើកឡើងថា អាជ្ញាធរ មានលោក ហែម ដារិទ្ធ បើកដៃឲ្យ ឈ្មួញកាប់ ជីក ដឹក បើកកាត់ក្នុងភូមិដោយសេរី បង្កផលប៉ះពាល់ ហុយ រថយន្តបើកល្បឿនលឿន កាត់ភូមិ បង្កឲ្យភ័យខ្លាច ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ដីបឹងធំទំហំ៥៣ហិកតា ត្រូវបានគេកប់ ជីក យកអាចម៌ដី ដឹកចេញ យ៉ាងគគ្រឹកគគ្រេង រថយន្តធន់ធំៗ ដឹក រត់កាត់តាមផ្លូវមាត់បរឡាយ កាត់ភូមិព្រៃរមាស សង្កាត់បឹងធំ តាំងពីព្រលឹមទល់យប់ ជារៀងរាល់ថ្ងៃ អស់រយៈពេលជាង១ខែមកហើយ ។

ពលរដ្ឋរអ៊ូរទាំថា ក្រុមរថយន្តដឹកដីចេញពីបឹងធំ បើកលឿនៗ ហួសហេតុ ពេលមេឃរាំង បង្កឲ្យហុយ ដីទ្រលោម ក្នុង១សប្តាហ៍ស្រោចទឹកម្តងឬពីរដង កាលបើពលរដ្ឋធុញទ្រាន់ និងការបើក របស់រថយន្តដឹកដីទាំងនោះ រហូតដល់ បោះបោរ យកគល់ឈើ ឬកង់ឡាន មកដាក់ឃាំងផ្លូវ ទើបស្រោចទឹក កាលបើ មិនធ្វើដូច្នោះ គឺមិនស្រោចឡើយ ។

ជុំវិញផលប៉ះពាល់ ដោយសារ ក្រុមរថយន្តដឹកដី រណ្តៅដី ក្នុងមូលដ្ឋាន ភូមិក្ងោក ភូមិព្រៃរមាស សង្កាត់បឹងធំ អ្នកសារពត៌មានបានទូរស័ព្ទសាកសួរទៅលោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាលខណ្ឌពោធិសែនជ័យ លោកបានឆ្លើយតបយ៉ាងខ្លីថា « ខែហ្នឹងនៅហុយទៀត» ហើយក៏បិទទៅវិញ ។ ក៏ប៉ុន្តែ អ្វីដែលដែលរូបភាពបានជាាក់ស្តែងចំពេលដែលមេឃមិនភ្លៀងផ្លូវដែលឡានដឹកដីបើកឆ្លងកាត់នោះ ពិតជាហុយទ្រលោម សង្ស័យ លោក ហែម ដារិទ្ធ មិនហ៊ានឈរតាមផ្លូវនោះផង ដោយសារវាហុយពេក ។

រណ្តៅដីជីកក្នុងផ្ទៃដីបឹងធំទំហំ៥៣ហិកតា មិនដឹងថា មានច្បាប់ឬអត់ច្បាប់នោះទេ ជីករយៈពេលជាង១ខែមកហើយ តែបើតាមប្រជាពលរដ្ឋលើកឡើងថា បើគ្មានអាជ្ញាធរបើកដៃទេនោះ គ្មានជនណាម្នាក់ រមាស់ដៃ យកគ្រឿងចក្រ ទៅជីក កាប់ដីបឹងធំនោះទេ ៕