សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីអំពាវនាវ១០ចំណុចស្ដីពីការ បង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រជាធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្ដីអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវគោកដ៏ច្រើនសើសលប់ ត្រូវចូលរួមគោរព និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតព្រទ្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

បើយោងតាមសេចក្ដីអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ស្ដីអំពីការបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យភ្ចុំបិណ្ឌដែលបានចេញផ្សាយកាលពីថ្ងៃទី ២៦ ខែកញ្ញា បានឲ្យដឹងថា ដើម្បីបង្ការ និងទប់ស្ដាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គណៈគម្មាធិការជាតិសុវត្ថិភាព ចរាចណ៍ផ្លូវគោកសូវធ្វើការអំពាវនាវ ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវដូចខាងក្រោម៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មុនពេលចេញដំណើរ ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺជាដើម។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវឱ្យពួកគេជិះលើដំបូល ពិសេសសូមកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនោះ។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ឬត្រីចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច។
៥៖ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច។
៦៖ មិនត្រូវបើកលើសល្បឿងកំណត់ជាដាច់ខាត។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៨៖ មិនត្រូបត់ ឬវ៉ាជែងក្នុងស្ថានភាពប្រថុយប្រថាន ឬធ្វេសប្រហែសជាដាច់ខាត។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

គណៈគម្មាធិការជាតិសុវត្ថិភាព ចរាចណ៍ផ្លូវគោកជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់និងចូលរួមអនុវត្តច្បាប់ក៏ដូចអនុវត្តសេចក្ដីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីរីករាយជាមួយគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ។