ទប់ស្កាត់ឡានធំចូលក្រុងលែងបាន ឥឡូវមករឹតបន្តឹងដាច់ខាតជាមួយរ៉ឺមកដឹកធ្យូងម្តង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្រ្តី មូលដ្ឋានចូលរួមតាមដានក្នុងការហាម ឃាត់រឺម៉កដឹកធ្យូងចូល ក្នុងទីក្រុងភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា “រដ្ឋបាលខណ្ឌដូនពេញ ដោះស្រាយការរៀបចំសណ្តាប់ សំណងគ្មានច្បាប់ ការសង់រោងបិទផ្លូវ សាធារណៈ ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹងបន្ថែម និងមិនឲ្យមាន រឺម៉កដឹកធ្យូងចូលក្រុង ។ ត្រូវពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនបរទេស និងសមាគមមួយចំនួន ដែលមាននិន្នាការប្រឆាំង” ។

លោកក៏បានជម្រុញឲ្យមាន ការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់ គ្រោះអគ្គិភ័យ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព អ្នកចូលហូបចុក និងប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះ ជាតម្រូវការចាំបាច់ និងចង់បានរបស់មនុស្សគ្រប់គ្នា មិនថាអ្នកមាន និងអ្នកក្រនោះទេ៕