ស្រីម៉ុច ស្នើ​សុំ​​ឱ្យ​ក្រសួង​វប្បធម៌ បញ្ជាក់​បន្ថែម​លើ​ការ​ព្រមាន ព្រោះ​នាង​បាន​ឈប់​ពី​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០៨ មកម្ល៉េះ!

ភ្នំពេញ៖ អតីតតារាសម្តែងស្រី អ្នកនាង ស្រីម៉ុច ដែលមានឈ្មោះពិតថា សាវ៉ាត សុវណ្ណី ថ្មីៗនេះបានសម្តែងនូវការមិនអស់ចិត្តជាខ្លាំង ដល់ថ្នាក់ផ្ញើលិខិតមួយទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្នើសុំការបញ្ជាក់បន្ថែម លើករណីបព្រមានរូបនាង។ ការស្នើដល់ក្រសួងពីសំណាក់ ស្រីម៉ុច ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីព្រមានជាផ្លូវការ ចំពោះតារាសម្តែងប្រុសស្រីបួននាក់ លើការស្លៀកពាក់ធ្វើឱ្យប៉ះពាល់ ដល់ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

ទន្ទឹមគ្នានេះ ក្នុងចំណោមតារាទាំងបួនត្រូវបានគេដឹងថា មានស្រីម៉ុចម្នាក់ នៅក្នុងនោះ តែដោយនាងបានឈប់ពីសិល្បៈតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ និងការសិចស៊ីរបស់នាង មិនមែនក្នុងការងារសិល្បៈនោះទេ ទើបស្រីម៉ុច មិនអស់ចិត្ត ពីការព្រមានរបស់ក្រសួង ព្រោះសកម្មភាពរបស់នាងកន្លងមកគឺ ការសប្បាយក្នុងជីវិតឯកជនតែប៉ុណ្ណោះ។

ភ្ជាប់ជាមួយនឹងលិខិតផ្ញើជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកម្តាយចាយរាងរូបនេះ បានសរសេរសារយ៉ាងវែងអន្លាយក្នុងន័យ ឌឺដងផ្លែផ្កាដល់បុគ្គលដែលចេះដឹងរឿងខ្លួន យ៉ាងដូច្នេះថា «អរគុណគ្រប់គ្នា ដែលបានជួយជ្រោមជ្រែងឲ្យអូនល្បីមកវិញ។ ពីមុនដែលមានបញ្ហា..តំលៃខ្លួនអូនមិនសូវថ្លៃប៉ុន្មានទេ ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍អីដែរ ព្រោះការពិតបាត់មុខមកជាយូរហើយ។ ប៉ុន្តែបន្ទាប់ពីមានរឿងហ្នឹងហើយ តំលៃខ្លួនអូនឡើងស្រឺតៗតែម្ដង ហើយមានអ្នកទាក់ទងការងារជាច្រើន តែដោយហេតុថា​គ្មានពេលសម្រាប់ការងារទាំងនោះ គ្រប់គ្រាន់ចឹងធ្វើមេផ្ទះដដែល អូននៅចាំបានថា មានអ្នកនិយាយថា អូនធ្វើចឹងដឹងតែល្បីហើយ ចាំយករង្វាន់ឱ្យអូន»។
អ្នកនាង ស្រីម៉ុច បានបន្ថែមថា «តែប្ដីអូនប្រាប់ថាមិនឱ្យយករបស់ប្ដីអ្នកដទៃទេ វាមិនសមរម្យក្នុងការយករបស់ប្ដីអ្នកដទៃ។ ហឺមកុំថាឡើយអូនចង់បាន គ្រាន់តែឃើញមុខ ហើយក៏មិនដឹងថាមានលុយទិញអោយអូនអត់ផងទេ លឺថាមាន…. ជុំខ្លួន ។ ជំរាបណានិយាយជាទូទៅចំពោះអ្នកដែលជេរខ្ញុំ អ្នកណាខ្លះដែលថាឱ្យខ្ញុំ អ្នកតែស្ករ កុំចូលចិត្តដៀលគេពេកហាម៉ាត់ឡើងសុទ្ធតែគេហ្នឹង បំផ្លាញវប្បធម៌ជាតិ មើលម្ដុំៗឯងហ្នឹងឲ្យបានល្អទៅ កុំឲ្យមានក្លិនចាំមកកាត់ក្ដីថា ឲ្យអ្នកនេះ ឬអ្នកនោះយ៉ាងមិច តិចរើសដាក់ខ្លួនអីណាទៀតទៅ តែបើគិតថាត្រូវហ្នឹងខ្លួនចឹងក៏យកទៅ ដើម្បីឱ្យគគ្រប់គ្នាស្គាល់សណ្ដានផង។ ថាក្រៅវាល្អផូរផង់ប៉ុណ្ណា ហើយក្នុងវិញវារលួយប៉ុណ្ណា»។

យ៉ាងណាមិញ ជាមួយនឹងការផ្ញើលិខិតទៅក្រសួងពីសំណាក់អតីតតារាសម្តែងអ្នកនាង ស្រីម៉ុច នៅពេលនេះ គេនៅមិនទាន់ដឹងនោះទេថា ក្រសួងនឹងតបតទៅស្រីម៉ុចយ៉ាងណាបន្តទៀត ព្រោះរឿងនេះហាក់មិនទាន់ចប់សព្វគ្រប់នោះទេ៕