ចតរថយន្តក្នុងរបងផ្ទះ ចាក់សោរត្រឹមត្រូវហើយ ចោរចូលលួចបានទៀត

ពោធិ៍សាត់ ៖ រថយន្តប្រភេទកាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807​ មួយគ្រឿង ត្រូវបានចោរលួចយកចេញ ពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព កាលពីយប់រំលងអាធ្រាត្រ ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។

ម្ចាស់រថយន្តខាងលើឈ្មោះ ញឹម រដ្ឋា ភេទប្រុសអាយុ ៤៩ ឆ្នាំរស់នៅក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ បើតាមម្ចាស់រថយន្ត បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុរូបគាត់ បានចតទុករថយន្ត របស់ ខ្លួននៅមុខផ្ទះ ហើយចាក់ទ្វារបងត្រឹមត្រូវ រួចក៍ចូលសម្រាកនៅក្នុងផ្ទះដូចរាល់សព្វដង។ ម៉ោងកើតហេតុ ជនសង្ស័យ​ ចាក់សោរទ្វាររបង ​មុខផ្ទះ លួចរថយន្តរបស់គាត់ យកទៅបាត់ តែម្តង លុះព្រឹកឡើងភ្ញាក់ពីដំណេកបាត់រថយន្តមិនឃើញ ក៍ឆោឡោរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយស្រាវជ្រាវតែម្តង។