ជនសង្ស័យ២នាក់ ត្រូវជាប់ខ្នោះព្រោះលក់ថ្នាំញៀន

ឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលក្រុងសំរោង សហការជាមួយប៉ុស្តិ៍នគរបាលអូរស្មាច់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយនៅភូមិគោកចាន់រី សង្កាត់កូនគ្រៀល ក្រុងសំរោង ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងថ្នាំញៀនប្រភេទជាង ៤០០គ្រាប់ និងប្រភេទម៉ាទឹកកក ១កញ្ចប់ធំទៀត។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង។

ជនសង្ស័យមានឈ្មោះ ពុធ សាវ៉ែន និងឈ្មោះ រី រដ្ឋា។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន៖ ប្រភេទមេតំហ្វេតាមីន WY ចំនួន៤១៨គ្រាប់ ប្រភេទមេតំហ្វេតាមីន ICE ចំនួន ១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ៣គ្រឿង និងសម្ភារជក់ និងវេចខ្ចប់មួយចំនួនទៀត។

ក្រោយការបង្ក្រាប កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងជនសង្ស័យខាងលើ ចាត់ការតាមនីតិវិធីច្បាប់៕