ឆក់កាបូបប្រតិភូចិន ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះបង្ក្រាបបាន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាសិស្សវិទ្យាល័យវត្តភ្នំ និងម្នាក់ជាជាងទង ដែលបានធ្វើសកម្មភាពឆក់កាបូបប្រតិភូចិន នៅផ្លូវលេខ២៩៤ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាមបង្ក្រាបបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ​។

ហេតុការណ៍កើតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ វេង ម៉េងលាង មុខរបរជាងទង និងម្នាក់ទៀតឈ្មោះ គន្ធា ម៉េងលី ហៅសាល សិស្សវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ទឹកប៊ិច បានធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះជាជនជាតិចិន ឈ្មោះ Xu Dong Hui ខណៈជនរងគ្រោះកំពុងដើរតាមថ្នល់។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យដែលបង្ក្រាបបាន នៅពេលឃើញជនជាតិចិន២នាក់ ដើរនៅតាមផ្លូវដោយមានយូរកាបូប ឃើញដូច្នេះពួកខ្លួនបានជិះម៉ូតូទៅអែប ហើយធ្វើសកម្មភាពឆក់យកកាបូបយួរនោះពីជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនទៅវត្តទួលទំពូង ដើម្បីពិនិត្យមើលសម្ភារដែលឆក់បាន។

ពេលឆែកមើលពួកខ្លួនឃើញមានប្រាក់ចំនួន៧,២០០ដុល្លារ, ទូរស័ព្ទដៃមួយគ្រឿង ម៉ាក Huwai, លិខិតឆ្លងដែន១ក្បាល, កាតធនាគារមួយចំនួន និងឯកសារផ្សេងៗ ហើយពួកខ្លួនបានចែកប្រាក់គ្នាបានម្នាក់ ៣,៥០០ដុល្លារ និងយកទូរស័ព្ទទៅលក់បានចំនួន៥០ដុល្លារ ចំណែកឯកសារផ្សេង ពួកខ្លួនបានយកទៅបោះចោលនៅម្ដុំវង្វង់មូលផ្សារដើមថ្កូវ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។ បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមច្បាប់ ៕​