អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សម្រេចកម្ទេចសំបកទូហ្គេមបាញ់ត្រីចាស់ថ្មីចំនួន១៣ទូចោល

រាជធានីភ្នំពេញ៖ ទូហ្គេមបាញ់ត្រីចំនួន១៣ទូមានចាស់ថ្មី ក្រោយពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ដកហូតបានកន្លងមក រហូតមកដល់ព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ទូហ្គេមបាញ់ត្រីទាំងនោះ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សម្រេចវាយ កិន កម្ទេចចោលហើយ ត្រង់ចំណុចដីវាល ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាល នៃគណអភិបាល ខណ្ឌពោធិសែនជ័យ ចូលរួមពីមន្រ្តីសាលាខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ ។ ក្នុងពិធីវាយកម្ទេចទូហ្គេមបាញ់ត្រីនៅពេលនេះមានចំនួន១ទូ ទូចាស់ មានតែសំបក អស់គ្រឿងក្នុង ចំនួន៨ទូ ទូថ្មីចំនួន៥ទូ ។

តាមអាជ្ញាធរបានឲ្យដឹងថា ទូហ្គេមបាញ់ត្រីទាំងនេះ ត្រូវបានគណបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បង្ក្រាបបានកន្លងមក ដែលជនឆ្លៀតឱកាស លួចដាក់ បើក ឲ្យយុវជ័យ ក្រុមអ្នកញៀនល្បែង ប្រភេទនេះលេង ដែលជាបញ្ហាមួយ ល្មើសច្បាប់ បង្កអសន្តិសុខ ក្នុងមូលដ្ឋាន ទើបសមត្ថកិច្ច អាជ្ញាធរ បង្ក្រាប ចាប់ដកហូត វត្ថុតាងនៃការប្រព្រឹត្តល្មើស ល្បែងសុីសង បង្កប់គ្រឿងញៀន ប្រភេទនេះ ។
ក្រោយពីចាប់បានទូហ្គេមបាញ់ត្រី ក្នុងរយៈពេលកន្លងមក បានសរុបចំនួន១៣ទូ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិសែនជ័យ រួចមក រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ អាជ្ញាធរសម្រេច យកទៅវាយកម្ទេចសំបកទូចោលហើយ ។

អាជ្ញាធរអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយចួលរួមចំណែក រក្សាសន្តិសុខ និងសុវត្តិភាពក្នុងមូលដ្ឋាន ចូលរួមរាយការណ៍នូវសភាពការ សកម្មភាពបទល្មើស ដែលកើតមានក្នុងមូលដ្ឋាន ទៅស្ថាប័ណមានសមត្ថកិច្ច អាជ្ញាធរ ដើម្បីចាត់វិធានការ បង្ក្រាប និងទប់ស្កាត់ឲ្យទាន់ពេលវេលា ដូចជាបនល្បែងសុីសង គ្រឿងញៀនជាដើម ៕