អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការសម្អាត និងរើសសំរាមនៅតាមផ្លូវ អបអរសាទរទិវាសម្អាតពិភពលោក

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំទិវាសម្អាតពិភពលោក ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីជុំវិញខណ្ឌ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌយុវជនស.ស.យ.ក និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

ជាមួយគ្នានោះ នៅតាមមូលដ្ឋានសង្កាត់ទាំង១៣ ទីវត្តអារាម សាលារៀន និងទីសាធារណៈនានាក៏បានរៀបចំប្រារព្ធទិវាសម្អាតពិភាពលោកផងដែរ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ។

ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងប្រទេសរបស់យើង និងជាការលើកម្ពស់ការយល់ដឹងដល់ប្រជាជនយើង អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាមដែលកើតឡើង នៅលើភពផែនដី ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕