ចាប់ចោរខ្លួនប្លន់លុយជិត២ម៉ឺនដុល្លារ នៅខណ្ឌសែនសុខបាន តែចោរប្លន់ធនាគារខណ្ឌចំការមនយកលុយជិត១០ម៉ឺនស្ងាត់ឈឹង

ភ្នំពេញ៖ ក្រុមចោរប្លន់លុយជិត២ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ នៅពេលនេះកម្លាំងនគរបាល បើកប្រតិបត្តិការតាមបង្ក្រាបបាន២នាក់, ដកហូតកាំភ្លើង២ដើម និងម៉ូតូ២គ្រឿង រួចបញ្ជូនទៅតុលាការ ដោយឡែកក្រុមចោរប្លន់ធនាគារនៅខណ្ឌចំការមនយកលុយជិត១០ម៉ឺនដុល្លារ បាត់ដំណឹងស្ងាត់ឈឹង ។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉ែង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

ជនសង្ស័យទី១៖ មានឈ្មោះ តាំង រុន អាយុ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២៖ ឈ្មោះ ឡា ធារ៉ា អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

បើតាមលោក ជាវ វិបុល វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន២គ្រឿង (សេ១២៥ មួយគ្រឿង និងម៉ូតូម៉ាកស្កុបពី១គ្រឿង), អាវុធខ្លីចំនួន២ដើម (ម៉ាករ៉ូឡូ១ដើម និងម៉េអាកុលចំនួន១ដើម និងម្សៅពណ៌សមួយកូនកញ្ចប់ ៕